លោក បែ មករា បញ្ជាក់យ៉ាងខ្លី ជុំវិញព័ត៌មានក្រុមបឹងកេត ត្រូវប្ដូរម្ចាស់ថ្មី

នូ មករា January 22, 2018


ភ្នំពេញ៖ បន្ទាប់ពីមានព័ត៌មានក្រុមបឹងកេតអែហ្វស៊ី គ្រោងនឹងផ្លាស់ប្ដូរប្រធានក្លឹបថ្មី លោក បែ មករា អ្នកចាត់ការក្រុមជើងឯកលីគកំពូលកម្ពុជា ៣ជំនាន់នេះ បានឆ្លើយបញ្ជាក់យ៉ាងខ្លីថា៖ «ខ្ញុំមិនទាន់ទទួលបានព័ត៌មានច្បាស់ពីរឿងនេះទេ ហើយរឿងនេះ គឺហួសពីសមត្ថភាពខ្ញុំដឹង ដូច្នេះបើមានព័ត៌មានប្រែប្រួល ឬយ៉ាងណា គឺត្រូវរង់ចាំមើលសិន» ។
សូមរំឮកថា កាលពីប៉ុន្មានថ្ងៃមុន មានព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយ បានផ្ទុះឡើងលើគណនីហ្វេសប៊ុកឈ្មោះ BeoungKet FC ដែលគេស្គាល់ជាគណនីរបស់លោក ស៊ីវ ថា ប្រធានក្លឹបបឹងកេត ។ គណនីមួយនេះ បានសរសេរថា៖ «ពីមុនខ្ញុំតស៊ូដើម្បីបាល់ទាត់ តែពេលនេះ ខ្ញុំតស៊ូ ដើម្បីគ្រួសារខ្ញុំវិញម្ដង ហើយលាហើយវិស័យបាល់ទាត់ សូមអរគុណ» ។
ក្រោយបង្ហោះសារគួរឲ្យភ្ញាក់ផ្អើលនេះ មានអ្នកគាំទ្រជាច្រើន រួមទាំងកីឡាករ និងអតីតកីឡាករបឹងកេតផងដែរ បាននាំគ្នា Share ចែកចាយបន្ដអមដោយសារចូលរួមសោកស្ដាយ និងថ្លែងអំណរគុណ ចំពោះលោក ស៊ីវ ថា ដែលបានលះបង់ដើម្បីក្លឹប និងវិស័យបាល់ទាត់ជាតិ ។ លើសពីនេះ ក៏មានគណនីមួយទៀត ឈ្មោះ Dany Heng ដែលគេស្គាល់ជាគណនីភរិយារបស់លោក ស៊ីវ ថា បាន Share បន្ដ អមដោយសារមួយយ៉ាងខ្លាំងថា៖ «ដល់ពេលវេលា ស្រលាញ់ខ្លួនឯងឲ្យច្រើន ។ អរគុណគ្រប់យ៉ាង ដែលពួកយើងនៅជាមួយគ្នា ៦ឆ្នាំ នៅតែចងចាំពេលវេលាមួយនេះ ជារៀងរហូត ។ I LOVE YOU ALL» ។
តាមរយៈសារខាងលើ បានបង្កឲ្យមានការងឿឆ្ងល់យ៉ាងខ្លាំងដល់អ្នកគាំទ្រ រហូតមានការចោទសួរថា តើក្លឹបជើងឯកលីគកំពូលកម្ពុជា ៣ជំនាន់មួយនេះ ផ្លាស់ប្ដូរប្រធានក្លឹបថ្មី ឬក៏យ៉ាងណា? ទន្ទឹមជាមួយគ្នានេះ មានប្រភពព័ត៌មានបែកធ្លាយពីក្នុងចង្កោមគ្រួសារថ្នាក់ដឹកនាំក្លឹបបាល់ទាត់កម្ពុជាថា ក្លឹបមានមូលដ្ឋានមកពីខេត្តកំពង់ចាមមួយនេះ ទំនងផ្លាស់ប្ដូរប្រធានក្លឹបថ្មីពិតមែន ហើយប្រធានក្លឹបបឹងកេតអែហ្វស៊ីនោះ គឺជាបុគ្គលដ៏មានឥទ្ធិពលម្នាក់ទៀតផង ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់