លេចលឺស្វាយរៀងប្ដូរគ្រូបង្វឹកថ្មី ខណៈគ្រូចាស់ថា បើចប់ពីស្វាយរៀងលោកនឹងចូលនិវត្តន៍

នូ មករា January 22, 2018


ភ្នំពេញ៖ ក្រោយដឹកនាំក្រុមព្រះខ័នរាជស្វាយរៀងលើកពាន Hun Sen Cup និងឈ្នះចំណាត់ថ្នាក់លេខ៣ នៃលីគកំពូលកម្ពុជា កាលពីរដូវកាលឆ្នាំ២០១៧ លោក សំ វ៉ាន់ដេត ត្រូវបានប្រភពព័ត៌មានជិតស្និតទម្លាយថា បានលាលែងពីតំណែងគ្រូបង្វឹកនេះហើយ ស្របពេលក្លឹបបាននឹងកំពុងទាក់ទងគ្រូបង្វឹកមកពីក្រុមពាក់កណ្ដាលអាជីពមួយដើម្បីដឹកនាំត្រៀមរដូវកាលថ្មី ឆ្នាំ២០១៨ខាងមុខ ។
 
ប៉ុន្ដែមុនបែកធ្លាយព័ត៌មានដ៏រសើបខាងលើ លោក សំ វ៉ាន់ដេត ធ្លាប់បានអះអាងប្រាប់អ្នកសារព័ត៌មានថា ប្រសិនបើលោកឈប់ពីតំណែងគ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង លោកនឹងប្រកាសចូលនិវត្តន៍តែម្ដង ពោលគឺលោកមិនចូលរួមដឹកនាំក្រុមណាមួយឡើយបើទោះបីមានការទាក់ទងក៏ដោយ ។ ការលើកឡើងបែបនេះ គឺស្របពេលលោកបានបង្ហាញអារម្មណ៍ហត់នឿយនឹងការងារក្រោមកម្ដៅថ្ងៃ ហាលភ្លៀងខ្យល់មួយនេះ ពិសេសគឺក្លឹបព្រះខ័នរាជស្វាយរៀង ដែលចាប់កំណើតតាំងពីឆ្នាំ១៩៩៨ ក៏មានការរួមចំណែករបស់លោកផងដែរ ។
លោកនិយាយថា៖ «ក្លឹបមួយនេះ គឺជាក្លឹបនៃការកើតរបស់ខ្ញុំដែរ ។ ក្លឹបនេះកើតឡើងក្នុងឆ្នាំ១៩៩៨ គឺខ្ញុំជាកីឡាករ ហើយឆ្នាំ២០០០ ខ្ញុំគឺជាគ្រូជំនួយ រហូតដល់ឆ្នាំ២០១២ ទើបខ្ញុំបានក្លាយជាគ្រូធំ…។ ចំពោះបាល់ទាត់ បើខ្ញុំចប់ពីស្វាយរៀង ខ្ញុំប្រហែលឈប់ហើយ ។ មិនមែនគម្រាម មិនមែនមានជំនឿលើខ្លួនឯងទេ ព្រោះខ្ញុំគិតថា ពេលខ្លះហត់នឿយ ហើយ ២០ឆ្នាំហើយ ដែលខ្ញុំប្រឡូកជាមួយបាល់ទាត់ តែបើយើងទៅជាមួយក្លឹបគេ ខ្ញុំគិតថា មិនមែនយល់ចិត្តដូចជាមួយប្រធានក្លឹបខ្ញុំទេ ហើយខ្ញុំគិតថា ក៏មិនអាចតស៊ូរាប់ឆ្នាំទៀតដែរ ។ ដូច្នេះខ្ញុំប្រហែលជារករបរមួយសម្រាប់ចិញ្ចឹមជីវិតផ្សេង» ។
យ៉ាងណាមិញ ចំពោះព័ត៌មានច្បាស់ការលោក សំ វ៉ាន់ដេត លាឈប់ពីកៅអីគ្រូបង្វឹកខាងលើ ទាំងក្លឹបព្រះខ័នរាជស្វាយរៀង ក៏ដូចជាគ្រូបង្វឹកវ័យក្បែរ ៤០ឆ្នាំផ្ទាល់ មិនទាន់ប្រកាសពីការចែកផ្លូវគ្នានោះទេ ។ ដូច្នេះក្រុមការងារគេហទំព័រ CamSports នឹងជម្រាបជូនព័ត៌មានថ្មីៗ បន្ដទៀតនាពេលក្រោយ ប្រសិនបើមានការប្រែប្រួល ជុំវិញព័ត៌មានខាងលើ ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់