ពានបាល់ទាត់កម្ពុជា ១៦ពាន នឹងប្រកាសសប្ដាហ៍ក្រោយ ខណៈសំបុត្រចូលទស្សនាលក់ស្អែកនេះ

នូ មករា January 19, 2018


ភ្នំពេញ៖ ពានរង្វាន់លក្ខណៈបុគ្គលក្នុងការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup 2017 ដែលប្រសិទ្ធនាមថា៖ «ពានរង្វាន់បាល់ទាត់កម្ពុជា» នឹងត្រូវប្រកាសលទ្ធផលក្នុងកម្មវិធី Award Night ក្រោមការរៀបចំដោយគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា(CNCC) នារាត្រីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលកោះពេជ្រ ដោយមានសរុបចំនួន ១៦ពាន ។ នេះបើតាមការបង្ហើបឲ្យដឹងពីមន្ដ្រី CNCC ។

ប៉ុន្ដែដើម្បីបានដឹងពីលទ្ធផលភ្លាមៗ នៃពានរង្វាន់នីមួយៗ អ្នកគាំទ្រចាំបាច់ត្រូវទិញសំបុត្រចូលរួមទស្សនា ដែលគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា នឹងដាក់លក់ចាប់ពីថ្ងៃទី២០ ខែមករាស្អែកនេះ ក្នុងបរិវេណពហុកីឡដ្ឋានជាតិ ជាមួយនឹងតម្លៃ ៤,០០០រៀល ។ ចំពោះពានរង្វាន់ត្រៀមប្រកាសនាពេលខាងមុខ រួមមានពានកីឡាករឆ្នើមប្រចាំឆ្នាំ, ពានអ្នកទាត់បញ្ចូលទីច្រើនជាងគេ, ពានអ្នកចាំទីល្អជាងគេ, ពានគ្រូល្អជាងគេ, ពានក្រុមលេងល្អ (Fair-Play) និងពានក្រុមអាជ្ញាកណ្ដាលកាត់សេចក្ដីបានល្អជាងគេ ដែលពានទាំងនេះ គឺមានទាំងក្នុងការប្រកួតលីគកំពូលកម្ពុជា និងពាន Hun Sen Cup 2017 ។

ដោយឡែកពាន ៤ផ្សេងទៀត រួមមានពានកីឡាករមានប្រជាប្រិយភាពជាងគេ, ពានគ្រូបង្វឹកមានប្រជាប្រិយភាពជាងគេ, ពានអ្នកគាំទ្របាល់ទាត់ល្អជាងគេ និងពានអ្នកសារព័ត៌មានល្អជាងគេ ដែលពាន ៤នេះ ត្រូវបានកាត់សេចក្ដីតាមរយៈការបោះឆ្នោតសាធារណៈ នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់គណនីគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា-CNCC ៕


អត្ថបទ៖ បុត្រា

មតិយោបល់