ភ្នំពេញក្រោនសម្រេចចុះកុងត្រាជាមួយកីឡាករអតីតយុវជន Leicester

នូ មករា January 12, 2018


ភ្នំពេញ៖ ទីបំផុតអតីតក្រុមជើងឯក ៦សម័យកាលភ្នំពេញក្រោន បានសម្រេចចុះកុងត្រាជាមួយកីឡាករបរទេសទី៣ ដើម្បីត្រៀមរដូវកាលថ្មី នៃលីគកំពូលកម្ពុជា ខណៈសមាជិកថ្មីរូបនេះ គឺជាអតីតយុវជនរបស់ក្លឹបដ៏ល្បី Leicester City គឺកីឡាករ Jorrin John ។ នេះបើតាមយោងសេចក្ដីជូនដំណឹងរបស់ក្លឹប នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ។

កីឡាករជនជាតិអង់គ្លេសរូបនេះ បានធ្វើតេស្ដជាមួយភ្នំពេញក្រោនប្រមាណ ២សប្ដាហ៍មកហើយ ក្នុងតួនាទីជាខ្សែប្រយុទ្ធ គ្រាដែលក្រុមភ្នំពេញក្រោន ប្រកួតជាមួយក្រុម Negeri Sembilan និងក្រុម Terengganu FC របស់ម៉ាឡេស៊ីកាលពីពេលថ្មីៗ គេបានបង្ហាញទម្រង់លេងដ៏ល្អ ដែលធ្វើឲ្យទាក់ចិត្តគ្រូបង្វឹកក្រុមភ្នំពេញក្រោន រហូតឈានដល់ការចុះកុងត្រាតែម្ដង ។

យោងតាមសេចក្ដីជូនដំណឹងខាងលើ បានបញ្ជាក់ថា កីឡាកររហស្សនាម JJ រូបនេះ កាលពីរដូវកាលមុន គឺលេងឲ្យក្លឹប Harrowby United ។ ប៉ុន្ដែ Jorrin John ក៏ធ្លាប់បានឆ្លងកាត់ការហ្វឹកហាត់ និងបង្ហាញខ្លួនជាមួយក្រុមយុវជនរបស់ក្លឹប Leicester មួយលើក បន្ទាប់មកត្រូវបានខ្ចីជើងឲ្យទៅក្លឹប Kettering Town កាលពីឆ្នាំ២០១១ មុននឹងប្តូរមកលេងឲ្យក្លឹបថៃ Muangthong United និងបន្តខ្ចីជើងទៅលេងនៅក្លឹប Suphanburi កាលពីឆ្នាំ២០១២-២០១៣ ។ លុះចូលឆ្នាំ២០១៤ បានផ្ទេរទៅលេងឲ្យក្លឹប Nuneaton Town និងលេងឲ្យក្លឹប NK Domzale ឆ្នាំ២០១៥ ។ សូមបញ្ជាក់ថា Jorrin John គឺជាកីឡាករបរទេសទី៣ ដែលក្លឹបភ្នំពេញក្រោន បានចុះកុងត្រាត្រៀមរដូវកាលថ្មី នៃលីគកំពូលកម្ពុជា ដែលគ្រោងបើកការប្រកួតនាដើមខែមីនាខាងមុខ ខណៈកីឡាករបរទេស ២នាក់ទៀត គឺមានខ្សែប្រយុទ្ធសញ្ជាតិអ៊ីរ៉ង់ Pouya Hossein និងកីឡាករសញ្ជាតិអាមេរិក Jonny Campbell ដែលទើបចុះកុងត្រាកាលពីម្សិលមិញ ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់