Negeri Sembilan ស្គាល់បរាជ័យលើកដំបូងដោយសារព្រះខ័នស្វាយរៀង!

នូ មករា January 11, 2018


ភ្នំពេញ៖ យុទ្ធនាការប្រកួតមិត្តភាពអន្ដរជាតិលើទឹកដីកម្ពុជា ដើម្បីត្រៀមរដូវកាលថ្មីនៃលីគកំពូលម៉ាឡេស៊ីរបស់ក្រុមចំណូលថ្មី Negeri Sembilan បានបញ្ចប់ហើយ ខណៈប្រកួតចុងក្រោយបានចាញ់ក្រុមព្រះខ័នរាជស្វាយរៀង ក្នុងលទ្ធផល ២-១ ហើយក៏ជាការបរាជ័យលើកដំបូង ក្នុងបេសកម្មមួយនេះ មុននឹងត្រឡប់ទៅប្រទេសម៉ាឡេស៊ីវិញផងដែរ ។
សូមបញ្ជាក់ថា មុនប្រកួតចាញ់ព្រះខ័នរាជស្វាយរៀង បានឆ្លងកាត់ការប្រកួតកម្ដៅសាច់ដុំជាមួយក្រុមខ្លាំងៗកម្ពុជា ២ក្រុមមកហើយ ក្នុងនោះបានប្រកួតស្មើក្រុមក្រសួងការពារជាតិ ១-១ មុនយកឈ្នះក្រុមភ្នំពេញក្រោន ដោយលទ្ធផល ៣-០ កាលពីចុងសប្ដាហ៍កន្លងទៅ ។ លទ្ធផលនេះ ខុសពីក្រុមម៉ាឡេស៊ីមួយទៀត គឺក្រុម Terengganu FC របស់កីឡាករ ធារី ចន្ថាប៊ីន ដែលឆ្លងកាត់ ៣ប្រកួតដូចគ្នាឈ្នះ១ និងចាញ់ ២ប្រកួតឯណោះ ។

ក្រឡេកមកមើលក្រុមព្រះខ័នរាជស្វាយរៀង បន្ទាប់ពីឆ្លងកាត់ ២ប្រកួតជាមួយក្រុមម៉ាឡេស៊ីឈ្នះ១ និងចាញ់១ លោក សំ វ៉ាន់ដេត ដែលជាគ្រូបង្វឹក បានចាត់ទុកការប្រកួតមិត្តភាពទាំងពីរ គឺជាការធ្វើតេស្ដសមត្ថភាពកីឡាករបរទេសដ៏សំខាន់ ដើម្បីជ្រើសរើសត្រៀមរដូវកាលថ្មីនៃលីគកំពូលកម្ពុជា នាដើមខែមីនាខាងមុខ ខណៈក្លឹបនឹងប្រកាសពីកីឡាករបរទេស ៥នាក់ដែលត្រូវជ្រើសរើសនាថ្ងៃនេះ ៕

អត្ថបទ៖ បុត្រា

មតិយោបល់