CNCC ប្រកាសចំនួនក្រុមសមាជិកលីគកំពូលកម្ពុជា ឆ្នាំ២០១៨ ដើម្បីបញ្ចប់ពាក្យចចាមអារ៉ាម

នូ មករា January 11, 2018


ភ្នំពេញ៖ ក្រោយលេចលឺព័ត៌មានចចាមអារ៉ាមថា ការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជារដូវកាលថ្មីឆ្នាំ២០១៨ មាន ១៤ក្រុមចូលរួម ពេលនេះគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានប្រកាសផ្លូវការហើយ គឺមានត្រឹម ១២ក្រុមចូលរួមដដែល ។ នេះបើយោងតាមកិច្ចប្រជុំរបស់ថ្នាក់ដឹកនាំ CNCC និងតំណាងក្លឹបជាសមាជិកកាលពីម្សិលមិញ ។
ចំពោះក្រុមត្រៀមប្រជែងជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០១៨ រួមមានក្រុមបឹងកេតអែហ្វស៊ី, ក្រសួងការពារជាតិ, ព្រះខ័នរាជស្វាយរៀង, ណាហ្គាវើល, ភ្នំពេញក្រោន, អង្គរថាយហ្គឺរ (ខេមបូឌានថាយហ្គឺរ), អគ្គស្នងការដ្ឋាននគរបាលជាតិ, អគ្គិសនីកម្ពុជា(EDC), វេស្ទើនភ្នំពេញ, អាស៊ីអឺរ៉ុបយូណាធីត, វិសាខា និងក្រុមសូលទីឡូអង្គរ ។ ប៉ុន្ដែ ២ក្រុមចុងក្រោយមានវិសាខា និងក្រុមសូលទីឡូអង្គរ គឺជាចំណូលថ្មី ទើបឡើងមកពីលីគលំដាប់ទី២ កម្ពុជា ។
 
សូមរំឮកថា សម្រាប់រដូវកាលថ្មី នៃលីគកំពូលកម្ពុជា ឆ្នាំ២០១៨ គឺគ្រោងបើកការប្រកួតចាប់ពីថ្ងៃទី០៣ ខែមីនា ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ខណៈកាលពីរដូវកាលឆ្នាំ២០១៧ គឺក្រុមបឹងកេតអែហ្វស៊ី ជាអ្នកគ្រងតំណែងជើងឯកពានរង្វាន់ដ៏ធំប្រចាំឆ្នាំនេះ ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់