ភ្នំពេញក្រោន សម្រេចចុះកុងត្រាជាមួយកីឡាករអាមេរិក Jonny Campbell

នូ មករា January 11, 2018


ភ្នំពេញ៖ ក្រោយបញ្ចប់ការប្រកួតមិត្តភាពជាមួយក្រុមមកពីម៉ាឡេស៊ី ២ប្រកួតដើម្បីធ្វើតេស្ដសមត្ថភាពកីឡាករបរទេសរួចមក ក្រុមសម្បូរដោយធនធានយុវជនភ្នំពេញក្រោន បានឈានដល់ការចុះកុងត្រាជាមួយកីឡាករបរទេសម្នាក់ទៀតហើយ គឺកីឡាករសញ្ជាតិអាមេរិក Jonny Campbell ។
Jonny Campbell គឺជាកីឡាករបរទេសទី២ ដែលក្លឹបភ្នំពេញក្រោន សម្រេចចុះកុងត្រាជាមួយ ដើម្បីត្រៀមរដូវកាលថ្មី នៃលីគកំពូលកម្ពុជា បន្ទាប់ពីកីឡាករសញ្ជាតិអ៊ីរ៉ង់ Pouya Hosseini ដែលក្លឹបបានប្រកាសចុះកុងត្រា ក្រោយបញ្ចប់ការប្រកួតរដូវកាលឆ្នាំ២០១៧ កាលពីថ្មីៗកន្លងទៅ ។
យោងតាមការបញ្ជាក់របស់ក្លឹបភ្នំពេញក្រោន បានឲ្យដឹងថា៖ «កីឡាករសញ្ជាតិអាម៉េរិគរូបនេះ ធ្លាប់បានលេងជាមួយក្លឹបមួយចំនួន នៅសហរដ្ឋអាម៉េរិគ ដូចជាក្លឹប Maimi City ឆ្នាំ២០១៦, ក្លឹប Charlotte Independence ឆ្នាំ២០១៥ និងក្លឹប Philadelphia Fury ឆ្នាំ២០១៤ ។ កីឡាកររូបនេះបានធ្វើដំណើរមកដល់ប្រទេសកម្ពុជា ព្រមទាំងធ្វើតេស្តជាមួយក្លឹបកាលពីប៉ុន្មានសប្តាហ៍មុន ហើយបានបង្ហាញទម្រង់លេងយ៉ាងល្អ ដោយរកបានគ្រាប់បាល់មួយគ្រាប់ក្នុងការប្រកួតមិត្តភាពអន្តរជាតិជាមួយក្លឹប Terengganu ទៀតផង» ។
ក្រោយសម្រេចចិត្តរួមរស់ជាមួយអតីតក្រុមជើងឯក ៦សម័យកាលនេះ ថ្នាក់ដឹកនាំក្រុមភ្នំពេញក្រោន មានការរំពឹងយ៉ាងមុតមាំថា Jonny Campbell នឹងរួមចំណែកយ៉ាងសំខាន់ជាមួយមិត្តរួមក្រុមដទៃ ដើម្បីជួយក្លឹបឲ្យទទួលបានជោគជ័យ ក្នុងរដូវកាលថ្មី នាពេលខាងមុខ ពិសេសគឺការស្វែងរកតំណែងជើងឯកត្រឡប់មកវិញក្រោយខកខាន ២រដូវកាលចុងក្រោយកន្លងទៅ ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់