ភ្នំពេញក្រោន យកឈ្នះក្រុមថ្មីរបស់ ធារី ២-១ ក្នុងជំនួបកម្ដៅសាច់ដុំយប់មិញ

នូ មករា January 10, 2018


ភ្នំពេញ៖ ក្រុមសម្បូរដោយធនធានយុវជនភ្នំពេញក្រោន បានយកឈ្នះក្រុម Terengganu FC ដែលជាទ្រនំថ្មីរបស់កីឡាករកូនកាត់ខ្មែរ-បារាំង ធារី ចន្ថាប៊ីន ដោយលទ្ធផល ២-១ នៅក្នុងជំនួបមិត្តភាពអន្ដរជាតិ លើទីលានកីឡដ្ឋាន RSN កាលពីយប់មិញ ។

 ជំនួបមិត្តភាពនេះ ក្រុមភ្ញៀវ Terengganu FC បានបំបែកពងមាន់បានមុននៅតង់ទី១ មុននឹងកីឡាករកំពុងធ្វើតេស្ដជាមួយក្រោន Jonny Campbell វាយបកតាមស្មើ ១-១ នៅនាទី៥០ ។ ក្រោយមកក្រុមទាំងពីរ បានស្រុកទៅវិញទៅមក លុះដល់នាទី៧៦ កីឡាករវ័យក្មេង ពៅ ពុនវុទ្ធី ក៏បានបន្ថែម ១គ្រាប់ឲ្យភ្នំពេញក្រោនទៀត ដែលជាគ្រាប់បាល់ជ័យជម្នះតែម្ដង ក្រោយបញ្ចប់ការប្រកួត ៩០នាទីពេញ ។

នេះគឺជាការប្រកួតមិត្តភាពលើកចុងក្រោយជាមួយក្រុមមកពីម៉ាឡេស៊ី ខណៈប្រកួតដំបូងភ្នំពេញក្រោន បានប្រកួតចាញ់ក្រុម Negeri Sembilan ដោយលទ្ធផល ៣-០ ។ ជាមួយនឹងការប្រកួតនេះ គេឃើញមានកីឡាករបរទេសជាច្រើន បានធ្វើតេស្ដសមត្ថភាពជាមួយភ្នំពេញក្រោន តែលទ្ធផលក្នុងការសម្រេចជ្រើសរើសកីឡាករបរទេសត្រៀមរដូវកាលថ្មីយ៉ាងណា នៅមិនទាន់ដឹងនោះទេ ៕

អត្ថបទ៖ បុត្រា

មតិយោបល់