ភ្នំពេញក្រោន ប៉ះក្រុម Terengganu FC ល្ងាចនេះ ខណៈអ្នកគាំទ្រចូលទស្សនាដោយសេរី

នូ មករា January 9, 2018


ភ្នំពេញ៖ ក្រោយបរាជ័យក្រោមថ្វីជើងក្រុមម៉ាឡេស៊ី Negeri Sembilan ៣-០ កាលពីចុងសប្ដាហ៍កន្លងទៅ ក្រុមបាល់ទាត់ភ្នំពេញក្រោន នឹងបន្ដបើកទ្វារកីឡដ្ឋាន RSN ទទួលក្រុមម៉ាឡេស៊ីមួយទៀត គឺក្រុម Terengganu FC នៅក្នុងជំនួបមិត្តភាពអន្ដរជាតិលក្ខណៈកម្ដៅសាច់ដុំ នាវេលាម៉ោង ៦៖៣០នាទីល្ងាចនេះ គ្រាដែលអ្នកគាំទ្រអាចចូលរួមទស្សនាបានដោយសេរីពោលគឺមិនមានការលក់សំបុត្រឡើយ ។

មុនជួបអតីតក្រុមជើងឯក ៦សម័យកាលភ្នំពេញក្រោនល្ងាចនេះ ក្រុម Terengganu FC ដែលជាក្លឹបថ្មីរបស់កីឡាករ ធារី ចន្ថាប៊ីន បានឆ្លងកាត់ការប្រកួតមិត្តភាពជាមួយក្រុមខ្លាំងៗកម្ពុជា ២ប្រកួតមកហើយ ក្នុងនោះបានយកឈ្នះក្រុមព្រះខ័នរាជស្វាយរៀង ១-០ មុនបរាជ័យក្រោមថ្វីជើងក្រុមក្រសួងការពារជាតិ ដោយលទ្ធផល ៦-៣ នៅលើទីលានពហុកីឡដ្ឋានជាតិកាលពីយប់មិញ ។

ដោយឡែកបើក្រឡេកទៅមើលក្លឹបភ្នំពេញក្រោន អាចចាត់ទុកការប្រកួតមិត្តភាពល្ងាចនេះ គឺជាជំនួបដ៏សំខាន់មួយ ក្នុងការបញ្ចប់ការធ្វើតេស្ដសមត្ថភាពកីឡាករបរទេសមួយចំនួន ដើម្បីជ្រើសរើសកីឡាករបរទេសប្រមាណ ៣នាក់ សម្រាប់ត្រៀមរដូវកាលថ្មី នៃលីគកំពូលកម្ពុជា ។ នេះបើតាមការបង្ហើបឲ្យដឹងពីលោក Sean Sainsbury គ្រូបង្វឹកក្រុមភ្នំពេញក្រោន ៕

អត្ថបទ៖ បុត្រា

មតិយោបល់