ទ័ពប្រកាសយកកីឡាករបរទេស ៥នាក់ ក្រោយលត់ក្រុមរបស់ ធារី ៦-៣ យប់មិញ

នូ មករា January 9, 2018


ភ្នំពេញ៖ បន្ទាប់ពីឆ្លងកាត់ការប្រកួតមិត្តភាពអន្ដរជាតិ ២ប្រកួតជាមួយក្រុមមកពីម៉ាឡេស៊ី ពិសេសក្រោយលត់ក្រុមថ្មីរបស់កីឡាករកូនកាត់ខ្មែរ-បារាំង ធារី ចន្ថាប៊ីន គឺក្រុម Terengganu FC ដោយលទ្ធផល ៦-៣ កាលពីយប់មិញ ក្រុមក្រសួងការពារជាតិ(ទ័ព) បានប្រកាសជ្រើសរើសកីឡាករបរទេស ៥នាក់ មកជំនួសកៅអីកីឡាកបរទេសដើម្បីត្រៀមរដូវកាលថ្មីនៃលីគកំពូលកម្ពុជាឆ្នាំ២០១៨នាពេលខាងមុខ ។
 
លោក ទ័ព ឡុងរចនា គ្រូបង្វឹកក្រសួងការពារជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៩ ខែមករានេះ ថ្នាក់ដឹកនាំក្លឹបនឹងបើកកិច្ចប្រជុំមួយដើម្បីសម្រេចពីការជ្រើសរើសកីឡាករបរទេសបន្ទាប់ពីឆ្លងកាត់ការធ្វើតេស្ដសមត្ថភាពតាមរយៈការប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមមកពីម៉ាឡេស៊ីខាងលើ ។ លោកថា ក្នុងចំណោមកីឡាករបរទេស ៩នាក់ គឺមានកូរ៉េខាងត្បូង ៦នាក់ និងជប៉ុន ៣នាក់ ក្លឹបនឹងជ្រើសរើស ៥នាក់ តែលទ្ធផលអាចល្ងាចនេះដឹង ឬអាចនឹងប្រកាសក្នុងសន្និសីទសារព័ត៌មានផ្លូវការនាពេលឆាប់ៗក៏មិនដឹង ។
សូមរំលឹកថា កាលពីរដូវកាលមុនក្រុមក្រសួងការពារជាតិ បានប្រើប្រាស់ធនធានកីឡាករបរទេស ៤នាក់ប៉ុណ្ណោះ ដែលសុទ្ធតែកីឡាករកូរ៉េខាងជើង ហើយពួកគេថែមទាំងបានរួមចំណែកជួយក្រសួងការពារជាតិ ឈ្នះជើងឯករង ២រដូវកាលចុងក្រោយទៀតផង ។ ប៉ុន្ដែដោយមិនសូវពេញចិត្តនឹងលទ្ធផលនេះ ក្លឹបក៏សម្រេចបញ្ចប់កុងត្រាពួកគេ ហើយជ្រើសរើសកីឡាករបរទេសថ្មីមកជំនួស គ្រាដែលកីឡាករកូរ៉េខាងជើងខាងលើ ក៏សម្រេចចិត្តទៅរួមរស់ជាមួយក្រុមចំណូលថ្មី វិសាខា វិញ ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់