ខេត្តព្រៃវែង រកឃើញក្រុមខ្លាំងនៃព្រឹត្តិការណ៍ Sponsor Futsal Cup ហើយ

នូ មករា January 8, 2018


ភ្នំពេញ៖ ព្រឹត្តិការណ៍ Sponsor Futsal Cup 2017 សម្រាប់ការប្រកួតជម្រុះមណ្ឌលខេត្តព្រៃវែងដែលធ្វើឡើង រយៈពេល២ថ្ងៃគឺថ្ងៃទី៦ និង ទី៧ ខែមករានោះបានរកឃើញក្រុមខ្លាំងចំនួន២សម្រាប់ឡើងមកប្រកួតវគ្គ១០ក្រុមចុងក្រោយហើយ ។ លោក សឹម សានត្រាន ដែលជាអ្នកគ្រប់គ្រង និង ចាត់ចែងការប្រកួតនេះបានឲ្យដឹងថាមណ្ឌលខេត្តព្រៃវែងមានក្រុមចូលរួមតែ ២០ក្រុមប៉ុណ្ណោះ ដូច្នេះការប្រកួតលោកបង្កឱកាសឲ្យក្រុមដែលចាញ់នៅជុំទី ១អាចប្រកួតបានម្ដងទៀតជាមួយក្រុមដែលចាញ់ដូចគ្នា ។ ២០ក្រុមដែលចូលរួមនេះការប្រកួតនៅជុំទី១ នឹងមាន១០ក្រុមជាក្រុមចាញ់ ។ ហេតុនេះក្រុមចាញ់ទាំង១០នេះត្រូវប្រកួតគ្នាម្ដងទៀតដើម្បីយក ៥ក្រុមដែលឈ្នះឡើងទៅប្រកួតបន្តជាមួយ ១០ក្រុមដែលឈ្នះនៅជុំទី១ ចំពោះក្រុមចាញ់ទាំង៥នៅជុំទី២គឺហាលអាវដោយស្វ័យប្រវត្តិ ។ ក្រុមខ្លាំងចំនួន២របស់មណ្ឌលខេត្តព្រៃវែងនោះគឺក្រុមកណ្ដុរ ស អេហ្វស៊ី និងក្រុមផេនដាអេហ្វស៊ី ។
នៅក្នុងការប្រកួតផ្ដាច់ព្រ័ត្រក្រុមកណ្ដុរ ស អេហ្វស៊ី បានប្រកួតឈ្នះក្រុមផេនដាអេហ្វ ស៊ី ៩ទល់២ ។ ជ័យជម្នះនេះធ្វើឲ្យក្រុម កណ្ដុរ ស អេហ្វស៊ីក្លាយជាក្រុមចំណាត់ថ្នាក់លេខ១ និងក្រុមផេនដាអេហ្វស៊ីក្លាយជាក្រុមចំណាត់ថ្នាក់លេខ២ នៃមណ្ឌលខេត្តព្រៃវែងទោះជាយ៉ាងណាក៏ក្រុមទាំង២នេះគឺជាក្រុមដែលបានកក់កៅអីទុកសម្រាប់វគ្គ១០ក្រុមចុងក្រោយដែរ ។
ពេលនេះការប្រកួតជម្រុះតាមមណ្ឌលបានបញ្ចប់ចំនួន៤មណ្ឌលហើយក្នុងនោះមានរាជធានីភ្នំពេញក្រុមខ្លាំងរបស់មណ្ឌលនេះគឺក្រុមរ៉ូលីងអេហ្វស៊ី និងក្រុមហូមស្ប៉តអេហ្វស៊ី។ ចំពោះមណ្ឌលបន្ទាយមានជ័យដែលក្រុមខ្លាំងរបស់គេគឺស៊ីសូផុនអេហ្វស៊ី និងក្រុមហ្វាមីលីអេហ្វស៊ី ។ សៀមរាបគឺក្រុមហ្គារូដាអេហ្វស៊ី និងក្រុម Next-Up FC ។ ចំណែកឯមណ្ឌលព្រៃវែងគឺក្រុមកណ្ដុរ ស អេហ្វស៊ី និងក្រុមផេនដាអេហ្វស៊ី ។ មណ្ឌលចុងក្រោយដែលត្រូវប្រកួតជម្រុះនោះគឺមណ្ឌលខេត្តព្រះសីហនុដែលនឹងធ្វើរយៈពេល ២ថ្ងៃគឺថ្ងៃទី១៣ និងទី១៤ ខែមករា ៕
អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់