លោក សំ វ៉ាន់ដេត៖ វិសាខា នឹងកាន់តែខ្លាំងដល់ Top-4 បើថែមចំនុចនេះ

នូ មករា January 8, 2018


ភ្នំពេញ៖ បន្ទាប់ពីថ្នាក់ដឹកនាំក្រុមចំណូលថ្មី វិសាខា បានប្រកាសនាំចូលកីឡាករកូរ៉េខាងជើង ៥នាក់ ខណៈ ៤នាក់ជាអតីតកីឡាករក្រុមជើងឯករងក្រសួងការពារជាតិ ដើម្បីត្រៀមរដូវកាលថ្មីនៃលីគកំពូលកម្ពុជារួចមក បានធ្វើឲ្យថ្នាក់ដឹកនាំក្លឹបមួយចំនួនមានការព្រួយបារម្ភ និងកោតសរសើរចំពោះក្រុមទើបកកើតមួយនេះ ។
 
ជាមួយគ្នានេះដែរ គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង លោក សំ វ៉ាន់ដេត បានចាត់ទុកក្រុមវិសាខា គឺជាក្រុមគ្រោះថ្នាក់ខ្លាំងមួយ ប្រសិនបើពួកគេបន្ថែម ១ចំណុចលើសមាសភាពកីឡាករកូរ៉េខាងជើង ដែលនាំឲ្យវិសាខា ឈានទៅប្រកួតកៅអី ៤ក្រុមកំពូលតារាង(Top-4) ទៀតផង ។ លោក សំ វ៉ាន់ដេត បាននិយាយថា៖ «បន្ទាប់ពីកូរ៉េខាងជើងទាំង ៤ ទៅវិសាខា ខ្ញុំជឿថា វិសាខា គឺជាក្រុមមួយខ្លាំង ហើយតាមការមើលឃើញរបស់ខ្ញុំ តែខ្ញុំសូមទោសទៅថ្នាក់ដឹកនាំគាត់ មិនមែនបង្អាប់ ឬវាយតម្លៃទេ គឺប្រសិនបើគាត់មានកីឡាករមានបទពិសោធន៍មកជួយទៀត គឺគាត់កាន់តែខ្លាំង ។ តែជាបណ្ដោះអាសន្ន ខ្ញុំមើលកីឡាកររបស់គាត់ភាគច្រើននៅក្មេងៗ ហើយមិនសូវមានបទពិសោធន៍ ប៉ុន្ដែបើគាត់បន្ថែមកីឡាករជម្រើសជាតិវិញ វិសាខា នឹងក្លាយជាក្រុមខ្លាំង ហើយគ្រោះថ្នាក់ថែមទៀត ព្រោះកីឡាករកូរ៉េខាងជើង ៤នាក់ហ្នឹង គឺមានសមត្ថភាពខ្ពស់ណាស់ ទាំងលើទីលាន និងវិន័យ ។ បើធ្វើដូច្នេះ ខ្ញុំជឿថា វិសាខា នឹងក្លាយជាបេក្ខភាពប្រជែងកៅអី Top-4 ជាមិនខាន» ។
 
យ៉ាងណាមិញគ្រូបង្វឹក ទើបជួយក្រុមព្រះខ័នរាជស្វាយរៀង គ្រងជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup និងឈ្នះចំណាត់ថ្នាក់លេខ៣ នៃលីគកំពូលកម្ពុជា ឆ្នាំ២០១៧ បានសម្ដែងការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងសមាជិកក្រុមវិសាខា ដែលមានឆន្ទៈខ្ពស់ក្នុងការអភិវឌ្ឍន៍បាល់ទាត់រហូតបានក្លាយជាសមាជិកលីគកំពូលកម្ពុជាហើយនៅថ្ងៃអនាគតលោកជឿជាក់ថា វិសាខា នឹងក្លាយជាក្រុមគ្រោះថ្នាក់មួយនៅក្នុងការប្រកួតជម្រើសជើងឯកថ្នាក់ជាតិនេះទៀតផង ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់