ទ័ព ប៉ះក្លឹបថ្មីរបស់ ធារី ចន្ថាប៊ីន ដែលយកឈ្នះស្វាយរៀង ១-០ ល្ងាចនេះ

នូ មករា January 8, 2018


ភ្នំពេញ៖ ក្រោយប្រកួតស្មើក្រុមម៉ាឡេស៊ី Negeri Sembilan ១-១ រួចមកនាវេលាម៉ោង ៦៖៣០នាទីល្ងាចនេះក្រុមបាល់ទាត់ក្រសួងការពារជាតិ(ទ័ព)នឹងបន្ដប្រកួតមិត្តភាពជាមួយក្រុមម៉ាឡេស៊ីមួយទៀត គឺក្លឹបបាល់ទាត់ Terengganu FC ដែលជាក្លឹបថ្មីរបស់កីឡាករកូនកាត់ខ្មែរ-បារាំង ធារី ចន្ថាប៊ីន ខណៈក្លឹបសមាជិកថ្មី នៃលីគកំពូលម៉ាឡេស៊ីនេះ ទើបបានយកឈ្នះក្រុមខ្លាំងព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ១-០ កាលពីចុងសប្ដាហ៍កន្លងទៅ ។
ថ្វីត្បិតនេះជាជំនួបមិត្តភាពក្ដី ប៉ុន្ដែវាជាការប្រកួតដ៏សំខាន់មួយរបស់ក្រុមក្រសួងការពារជាតិ ដែលត្រូវធ្វើតេស្ដសមត្ថភាពកីឡាករបរទេស ដើម្បីជ្រើសរើសសមាជិកថ្មី មកជំនួសកៅអីកីឡាករកូរ៉េខាងជើងទាំង ៤ ដែលទើបចាកចេញទៅក្លឹបវិសាខា ។
លោក ទេព ឡុងរចនា គ្រូបង្វឹកក្រុមក្រសួងការពារជាតិ បានឲ្យដឹងថា ការប្រកួតល្ងាចនេះ អាចជាការប្រកួតសម្រេចដើម្បីជ្រើសរើសកីឡាករបរទេស ស្របពេលមានកីឡាករកូរ៉េខាងត្បូង ៦នាក់ និងកីឡាករជប៉ុន ៣នាក់ បាននឹងកំពុងធ្វើតេស្ដសមត្ថភាពជាមួយក្រសួងការពារជាតិ ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់