ចាន់ វឌ្ឍនាកា ជាប់ជម្រើស ១១នាក់ដំបូង ខណៈក្រុម Pahang ឈ្នះ ២ប្រកួតជាប់គ្នា

នូ មករា January 8, 2018


ភ្នំពេញ៖ ក្រោយចុះកុងត្រារួមរស់ជាមួយក្លឹបខ្លាំងលីគកំពូលម៉ាឡេស៊ី Pahang FA កីឡាករកម្ពុជា ចាន់ វឌ្ឍនាកា ត្រូវបានគ្រូបង្វឹកផ្ដល់ឱកាសឲ្យបង្ហាញសមត្ថភាពលើកដំបូង ជាមួយនឹងរួមក្រុម ក្នុងឱកាសក្រុម Pahang FA ប្រកួតមិត្តភាពលើទឹកដីថៃ ហើយថែមទាំងជាប់ជម្រើស ១១នាក់ដំបូងទៀតផង ។
ខណៈពេលនេះក្រុម Pahang FA កំពុងស្ថិតនៅប្រទេសថៃនៅឡើយ ក្រោយឆ្លងកាត់ប្រកួតកម្ដៅសាច់ដុំត្រៀមរដូវកាលថ្មីជាមួយក្រុមម្ចាស់ផ្ទះថៃ ២ប្រកួតរួចមក ជាមួយនឹងជ័យជម្នះយ៉ាងជោគជាំ ក្នុងនោះក្រុមជើងឯករងនេះ បានយកឈ្នះក្រុម Muangthong United B ៣-១ និងយកឈ្នះក្រុមសមាជិកថ្មីលីគកំពូលថៃ Air Force Central FC ៤-១ កាលពីម្សិលមិញ ។
 
ប៉ុន្ដែក្នុងចំណោមការប្រកួតមិត្តភាពទាំង ២ប្រកួត គេតែងឃើញវត្តមានខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា ជាប់ជម្រើស ១១នាក់ដំបូង និងបានលេងក្នុងរយៈពេលយូទៀតផង ជាក់ស្ដែងប្រកួតជាមួយក្រុម Muangthong United លេងបាន ៦០នាទីមុនប្ដូរចេញ ខណៈប្រកួតជាមួយ Air Force Central FC ត្រូវបានប្ដូរចេញនៅមុននាទី៥៥ ដោយសាររបួស ។ យ៉ាងណាមិញការលេងបានជាង ១០០នាទី ក្នុងចំណោម ២ប្រកួតនេះ គឺជាសញ្ញាណមួយដ៏ល្អសម្រាប់ វឌ្ឍនាកា ក្នុងការអភិវឌ្ឍន៍សមត្ថភាពជាមួយក្លឹបថ្មី Pahang FA ។
សូមបញ្ជាក់ថា មុនត្រឡប់ទៅប្រទេសម៉ាឡេស៊ីវិញ នៅថ្ងៃទី០៩ ខែមករាស្អែកនេះ ក្រុម Pahang FA នឹងមានប្រកួតមិត្តភាពមួយប្រកួតទៀត ជាមួយក្លឹបមកពីកូរ៉េខាងត្បូងវិញម្ដង គឺក្រុម Gyeongnam ដើម្បីត្រៀមរដូវកាលថ្មី នៃលីគកំពូលម៉ាឡេស៊ី ដែលគ្រោងនឹងបើកការប្រកួតដំណាលគ្នា ជាមួយលីគកំពូលកម្ពុជាដែរ នាដើមខែមីនា ឆ្នាំ២០១៨ខាងមុខ ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់