Sposor Futsal Cup: ដល់វគ្គស្វែងរកក្រុមខ្លាំងនៅខេត្តព្រៃវែងហើយ!

នូ មករា January 5, 2018


ភ្នំពេញ៖ ព្រឹត្តិការណ៍ Sponsor Futsal Cup 2017 នឹងចាប់ផ្ដើមប្រកួតជម្រុះរកក្រុមខ្លាំងចំនួន ២ដែលការប្រកួតមានរយៈពេល ២ថ្ងៃគឺថ្ងៃទី៦ និងទី៧ ខែមករានៅទីលានសុកញ្ញា ។ លោក សឹម សានត្រាន ដែលជាអ្នកគ្រប់គ្រង និងចាត់ចែងការប្រកួតនេះបានឲ្យដឹងថា មណ្ឌលខេត្តព្រៃវែង មានក្រុមចូលរួមតែ ២០ក្រុមប៉ុណ្ណោះ ដូច្នេះការប្រកួតលោកបង្កឱកាសឲ្យក្រុមដែលចាញ់នៅជុំទី១ អាចប្រកួតបានម្ដងទៀតជាមួយក្រុមដែលចាញ់ដូចគ្នា ។
ដូច្នេះ ២០ក្រុមដែលចូលរួមនេះនៅការប្រកួតនៅជុំទី១ នឹងមាន១០ក្រុមជាក្រុមចាញ់ ។ ហេតុនេះក្រុមចាញ់ទាំង១០នេះ ត្រូវប្រកួតគ្នាម្ដងទៀតដើម្បីយក ៥ក្រុមដែលឈ្នះឡើងទៅប្រកួតបន្តជាមួយ ១០ក្រុមដែលឈ្នះនៅជុំទី១ ចំពោះក្រុមចាញ់ទាំង៥នៅជុំទី២ គឺហាលអាវដោយស្វ័យប្រវត្តិ ។
គួរបញ្ជាក់ថា នេះជាមណ្ឌលទី៤ ហើយដែលធ្វើការប្រកួតជម្រុះដើម្បីចម្រាញ់យក ២ក្រុមដែលខ្លាំងមកប្រកួតវគ្គ១០ក្រុមចុងក្រោយដែលសុទ្ធតែជាក្រុមខ្លាំងមកពីមណ្ឌលទាំង ៥ ។ សម្រាប់មណ្ឌលខេត្តព្រៃវែងនេះមិនដឹងថា ២ ក្រុមណាជាក្រុមខ្លាំងសម្រាប់ឡើងមកប្រកួតវគ្គ១០ក្រុមចុងក្រោយនោះឡើយ ។ រីឯ ៣មណ្ឌលដែលបញ្ចប់ការប្រកួតជម្រុះហើយនោះមានរាជធានីភ្នំពេញ ដោយក្រុមខ្លាំងរបស់មណ្ឌលនេះគឺក្រុមរ៉ូលីង អេហ្វស៊ី និង ក្រុមហូមស្ប៉តអេហ្វស៊ី ។ មណ្ឌលបន្ទាយមានជ័យដែលក្រុមខ្លាំងរបស់គេគឺស៊ីសូផុនអេហ្វស៊ី និង ក្រុមហ្វាមីលីអេហ្វស៊ី ។ ចំណែកមណ្ឌលសៀមរាបគឺក្រុមហ្គារូដាអេហ្វស៊ី និង Next-Up FC ៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់