៣ក្លឹបសម្រុកសាងសង់កីឡដ្ឋានឲ្យទាន់លីគកំពូលកម្ពុជា រដូវកាលថ្មី ខណៈ ២ក្លឹបកំពុង…!

នូ មករា January 5, 2018


ភ្នំពេញ៖ សម្រាប់រដូវកាលថ្មី នៃលីគកំពូលកម្ពុជា ឆ្នាំ២០១៨ ដែលគ្រោងបើកការប្រកួតនាដើមខែមីនាខាងមុខ យ៉ាងហាចណាស់មានក្លឹបចំនួន ៥ បានត្រៀមកីឡដ្ឋានរៀងៗខ្លួន សម្រាប់បើកទ្វារធ្វើម្ចាស់ផ្ទះ(Home) នៅក្នុងការប្រកួតសន្សំពិន្ទុ ក្នុងនោះមាន ៣ក្លឹបកំពុងសម្រុកសាងសង់ផ្ទាល់ខ្លួនឲ្យហើយមុនបើកការប្រកួត ឬយឺតយ៉ាវបន្ដិចបន្ដួច ខណៈ ២ក្លឹបទៀត កំពុងទាក់ទងកីឡដ្ឋានតាមខេត្តធ្វើជាទឹកដីរបស់ខ្លួននៅក្នុងរដូវកាលថ្មី ។ ចំពោះក្លឹបកំពុងសម្រុកសាងសង់ទីលានផ្ទាល់ខ្លួន គឺមានក្លឹបអាស៊ីអឺរ៉ុប, ក្លឹបអគ្គិសនីកម្ពុជា និងក្លឹបចំណូលថ្មីវិសាខា ។

កីឡដ្ឋានអាស៊ីអឺរ៉ុប ដែលមានទីតាំងនៅតំបន់ស្វាយជ្រុំ បាននឹងកំពុងសាងសង់កន្លែងអង្គុយ និងកន្លែងផ្លាស់សម្លាក់បំពាក់ ខណៈទីលានអាចប្រើប្រាស់បាន ១០០% ហើយ ។ លោក ពៅ ហុក តំណាងក្លឹបអាស៊ីអឺរ៉ុប រំពឹងថា ក្រោយមានការជំរុញពីថ្នាក់ដឹកនាំក្លឹប កីឡដ្ឋានថ្មីមួយនេះនឹងសម្រុកធ្វើឲ្យហើយ នៅអំឡុងចុងខែមករា ឬខែកុម្ភៈខាងមុខដើម្បីបើកទ្វារទទួលលីគរដូវកាលថ្មី ។

ដោយឡែកទីលានក្លឹបអគ្គិសនីកម្ពុជា ដែលមានទីតាំងនៅតំបន់អគ្គិសនីទួលសង្កែ ក៏អាចប្រើប្រាស់បានដែលហើយនៅឡើយតែកន្លែងអង្គុយ ដែលថ្នាក់ដឹកនាំក្លឹបនឹងជំរុញការសាងសង់ឲ្យរួចក្នុងពេលឆាប់ៗខាងមុខ ។

រីឯកីឡដ្ឋានរបស់ក្លឹបទើបឡើងមកពីលីគលំដាប់ទី២ គឺក្លឹបវិសាខា ដែលមានទីតាំងនៅជិតហ្គ្រែនភ្នំពេញ ពេលនេះសាងសង់បានប្រមាណ ៥០% ហើយ ប៉ុន្តែលោក ហុក វិចិត្រា អ្នកចាត់ការក្លឹបរំពឹងថា នឹងសាងសង់រួច នាអំឡុងខែមីនា អាចយឺត ២ ទៅ ៣សប្ដាហ៍ប៉ុណ្ណោះ សម្រាប់ការប្រកួតលីគកំពូលកម្ពុជា រដូវកាលថ្មី ។

ចំណែកក្លឹបកំពុងទាក់ទងកីឡដ្ឋានតាមបណ្ដាលធ្វើជាទឹកដី គឺមានក្លឹបជើងឯក ៣ជំនាន់បឹងកេតអែហ្វស៊ី ដែលកំពុងតាមចែចូវកីឡដ្ឋានខេត្តកំពតធ្វើជាទឹកដី ហើយក៏ទទួលបានពន្លឺវិជ្ជមានជាបណ្ដើរៗផងដែរ ។ នេះបើតាមការបញ្ជាក់របស់អ្នកចាត់ការក្រុមលោក បែ មករា ។ ឯក្លឹបមួយទៀត គឺក្លឹបចំណូលថ្មី សូលទីឡូអង្គរ ក៏ដូច្នោះដែរ ដោយក្លឹបក្រោមការទំនុកបម្រុងរបស់កីឡាករល្បី Keisuke Honda គ្រោងជ្រើសរើសកីឡដ្ឋានខេត្តសៀមរាបធ្វើជាទឹកដី ដូចក្លឹប Cambodian Tiger ដែរ ៕

អត្ថបទ៖ បុត្រា

មតិយោបល់