វិសាខាដាក់គោលដៅធំ ៣ ក្នុងការបង្ហាញខ្លួនលើកដំបូងនៅលីគកំពូលកម្ពុជា

នូ មករា January 5, 2018


ភ្នំពេញ៖ ក្លឹបសមាជិកថ្មីរបស់លីគកំពូលកម្ពុជា គឺក្រុមវិសាខា បានដាក់ចេញនូវគោលដៅធំៗ ៣ចំណុច សម្រាប់ការត្រៀមបង្ហាញវត្តមានលើកដំបូងនៅក្នុងលីគកំពូលកម្ពុជា ។ នេះបើយោងតាមសម្ដីលោក ហុក វិចិត្រា អ្នកចាត់ការទូទៅក្រុមក្មេងខ្ចីមួយនេះ ។ លោក ហុក វិចិត្រា បានលើកឡើងថា ក្រោយទទួលបានកៅអីលេងលីគកំពូលកម្ពុជាឆ្នាំ២០១៨ ថ្នាក់ដឹកនាំក្លឹបបានដាក់ចេញនូវគោលដៅ ៣ចំណុចដើម្បីជំរុញការអភិវឌ្ឍក្លឹបវិសាខា ដើម្បីត្រៀមប្រកួតប្រកួតជែងជាមួយក្លឹបខ្លាំងៗ ដែលមានបទពិសោធន៍ច្រើនឆ្នាំនៅក្នុងលីគកំពូលកម្ពុជា ។

លោកបានបញ្ជាក់ថា៖ «គោលដៅរបស់ក្លឹបទី១ ត្រូវពង្រឹងកីឡាករក្មេងៗដើម្បីទទួលបាននូវបទពិសោធគ្រប់គ្រាន់សម្រាប់ការប្រកួតទាំងថ្នាក់ជាតិ និងអន្ដរជាតិ ។ ទី២ ពង្រឹងការហ្វឹកហាត់ឲ្យបានទ្វេដងត្រៀមជួបក្រុមខ្លាំងៗព្រោះក្លឹបនៅលីគសុទ្ធតែជាក្លឹបមានបទពិសោធន៍បើគេហាត់ ១ម៉ោង យើងត្រូវហាត់ ២ម៉ោង ។ ទី៣ ក្លឹបត្រូវស្វែងរកកីឡាករមានបទពិសោធន៍ស្រាប់មកដឹកនាំកីឡាករក្មេងៗ ក្នុងការប្រកួតនានា» ។

ក្រោយបង្ហើបពីគោលដៅធំទាំងបី លោក ហុក វិចិត្រា ក៏បានទម្លាយបន្ថែមថា ពេលនេះក្លឹបបានសម្រេចជ្រើសយកកីឡាករកូរ៉េខាងជើង ៥នាក់ ក្នុងនោះមាន ៤នាក់ជាអតីតសមាជិកក្លឹបក្រសួងការពារជាតិ ដើម្បីត្រៀមប្រកួតប្រជែងក្នុងលីគកំពូលកម្ពុជានាខែមីនាខាងមុខ ។ លោករំពឹងថា ការប្រកួតលីគកំពូលកម្ពុជាលើកដំបូងត្បិតក្លឹបមិនទាន់រំពឹងឈ្នះជើងឯក ប៉ុន្តែចំពោះការធានាកៅអីលេងលីគ នារដូវកាលក្រោយៗ លោកបានប្ដេជ្ញាចិត្ត នឹងមិនធ្វើឲ្យរបូតឡើយ ៕

អត្ថបទ៖ បុត្រា

 

មតិយោបល់