ក្រុម Negeri Sembilan FA មកដល់កម្ពុជាហើយមុនជួបក្រុមទ័ព នៅថ្ងៃស្អែក
នូ មករា January 4, 2018
ភ្នំពេញ៖ យោងតាមការផ្សព្វផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ក្លឹប Negeri Sembilan FA របស់ម៉ាឡេសុី បានធ្វើដំណើរមកដល់ទឹកដីកម្ពុជានារសៀលថ្ងៃទី៤ ខែមករា នេះ ដើម្បីត្រៀមប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុម ៣ធំៗនៅលីគកំពូលកម្ពុជាដោយពួកគេនឹងត្រូវប្រកួតបើកឆាកជាមួយក្រុមក្រសួងការពារជាតិ នាថ្ងៃទី៥ ខែមករា ស្អែកនេះនាវេលាម៉ោង ៦.៣០ នាទីល្ងាចនៅពហុកីឡដ្ឋានជាតិអូឡាំពិក ។
បន្ទាប់មកក្រុមនៃលីគទី២ របស់ប្រទេសម៉ាឡេសុីនេះនឹងបន្តជួបក្រុមជើងឯក ៦សម័យកាលនៅលីគកំពូលកម្ពុជា ភ្នំពេញក្រោន នៅកីឡដ្ឋាន RSN នាវេលាម៉ោង ៦.០០ ល្ងាច មុននឹងប្រកួតចុងក្រោយជាមួយក្រុមជើងឯកពានសម្តេចតេជោ ហ៊ុន សែន ២០១៨ គឺក្រុមព្រះខ័នរាជស្វាយរៀង នៅថ្ងៃទី១០ ខែមករា លើទីលាន ISPP នាវេល៉ាម៉ោង ៤.០០ ល្ងាចជាបន្តទៀត ។
គួររំលឹកថា កាលពីឆ្នាំ២០១៧ កន្លងទៅក្រុម Negeri Sembilan FA ក៏បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាដើម្បីប្រកួតមិត្តភាពដែរ ដោយកាលនោះ ពួកគេបានផ្តួលក្រុមភ្នំពេញក្រោនក្នុងលទ្ធផល ៥-៣ ប៉ុន្តែចាញ់ក្រុមណាហ្គាវើលដ៍ ១-០ បន្ទាប់មកស្មើក្រុមការពារជាតិ ០-០ និងបន្តឈ្នះក្រុមភ្នំពេញក្រោន ក្នុងជើងទី២ ជាមួយនឹងលទ្ធផល ២-០ ៕
អត្ថបទ៖ មករា