កីឡាបរទេស ដែលជំនួសកៅអីកូរ៉េខាងជើងនៅទ័ព អាចដឹងល្ងាចស្អែក ឬដើមសប្ដាហ៍ក្រោយ

នូ មករា January 4, 2018


ភ្នំពេញ៖ ក្រោយដំណឹងក្លឹបក្រសួងការពារជាតិ(ទ័ព) បញ្ចប់កុងត្រាជាមួយកីឡាករកូរ៉េខាងជើង ៤រូប បានបែកធ្លាយជាផ្លូវការ លោក ទេព ឡុងរចនា គ្រូបង្វឹកក្រុមក្រសួងការពារជាតិ ក៏បានបង្ហើបតម្រុយកីឡាករបរទេសមួយចំនួនដែលត្រៀមមកជំនួសកៅអីរបស់ពួកគេ ពោលគឺអាចនឹងដឹងនាល្ងាចថ្ងៃទី០៥ ឬល្ងាចថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ ក្រោយជំនួបមិត្តភាពអន្ដរជាតិ ២ប្រកួតជាមួយក្លឹបមកពីម៉ាឡេស៊ី ។

លោក ទេព ឡុងរចនា បានបញ្ជាក់ថា បន្ទាប់ពីការចាកចេញរបស់កីឡាករកូរ៉េខាងជើងដែលជួយក្រសួងការពារជាតិកាលពី ២រដូវកាលមុនគឺមានកីឡាករបរទេស ២ជនជាតិនឹងមកធ្វើតេស្ដសមត្ថភាពជាមួយក្លឹបក្នុងឱកាសក្រសួងការពារជាតិប្រកួតមិត្តភាពជាមួយក្រុម Negeri Sembilan នៅថ្ងៃទី០៥ ខែមករា និងប្រកួតជាមួយក្រុមថ្មីរបស់កីឡាករកូនកាត់ខ្មែរ-បារាំង ធារី ចន្ថាប៊ីន គឺក្លឹប Terengganu FC នាថ្ងៃទី០៨ ខែមករាដើមសប្ដាហ៍ក្រោយ ។

«ចំពោះកីឡាករ ដែលត្រូវមកធ្វើតេស្ដអាចមានគ្នា ៥ ទៅ ៦នាក់ជាជនជាតិកូរ៉េ និងជប៉ុន ហើយបន្ទាប់ពីធ្វើការប្រកួតថ្ងៃទី៥ ប្រសិនបើពួកគេបង្ហាញទម្រង់បានល្អ យើងនឹងចុះកុងត្រាជាមួយពួកគេភ្លាម តែប្រសិនបើមិនទាន់ គឺពួកគេមានឱកាសធ្វើតេស្ដក្នុងការប្រកួតនៅថ្ងៃទី០៨ ហើយលទ្ធផលយ៉ាងក៏នឹងដឹងនៅពេលនោះដែរ» ។ នេះគឺជាសម្ដីអតីតគ្រូបង្វឹកក្រុមគិរីវង់សុខសែនជ័យខាងលើ ។

សូមបញ្ជាក់ថា កីឡាករកូរ៉េខាងជើង ៤នាក់ ដែលត្រូវបានក្លឹបក្រសួងការពារជាតិ ប្រកាសបញ្ចប់កុងត្រាកាលពីម្សិលមិញ រួមមានកីឡាករ Choe Myong-Ho, Kim Kyong-Hon, Ri Hyok-Chol និងកីឡាករ Jang Song-Hyok ។ ប៉ុន្ដែក្រោយការចាកចេញពីក្លឹបជើងឯករង ២សម័យកាលជាប់គ្នានេះ កីឡាករកូរ៉េខាងជើងទាំងអស់ បានសម្រេចទៅរួមរស់ជាមួយក្លឹបចំណូលថ្មី វិសាខាវិញម្ដង ។ នេះបើតាមការបញ្ជាក់របស់លោក ហុក វិចិត្រា អ្នកចាត់ការទូទៅក្លឹបវិសាខា ៕

អត្ថបទ៖ បុត្រា

មតិយោបល់