ឪពុក ចាន់ វឌ្ឍនាកា ត្រូវព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យផ្ទេរទៅកាន់ក្របខណ្ឌដើមវិញ

នូ មករា January 3, 2018


ភ្នំពេញ៖ បន្ទាប់ពីកីឡាករ ចាន់ វឌ្ឍនាកា ធ្វើដំណើរទៅម៉ាឡេស៊ីបានមួយយប់ នៅព្រឹកថ្ងៃទី០៣ ខែមករានេះ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោក ជាវ តាយ ជាអភិបាលនៃគណៈអភិបាលខេត្តកំពត ជំនួសលោក ចាន់ ចេស្ដា ដែលត្រូវជាឪពុករបស់កីឡាករឆ្នើម ចាន់ វឌ្ឍនាកា ។

យោងតាមព្រះរាជក្រឹត្យខាងលើ លោក ចាន់ ចេស្ដា ដែលបានឡើងកាន់តំណែងជាអភិបាលនៃគណៈអភិបាលខេត្តកំពត កាលពីពាក់កណ្ដាលខែមីនា ឆ្នាំ២០១៦ ត្រូវបានផ្ទេរភារកិច្ចទៅបម្រើការងារនៅក្របខណ្ឌដើមវិញ គ្រាដែលមុនឪពុក ចាន់ វឌ្ឍនាកា ឡើងជាអភិបាលរង និងជាអភិបាលខេត្តកំពត លោកគឺមានតួនាទីជាប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត ។

ដោយឡែកចំពោះពិធីផ្ទេរភារកិច្ច និងតែងតាំងអភិបាលខេត្តថ្មី គឺគ្រោងនឹងធ្វើឡើងនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨ខាងមុខនេះ ។

សូមបញ្ជាក់ថា ការប្រកាសផ្ទេរភារកិច្ចរបស់លោក ចាន់ ចេស្ដា គឺស្របពេលកូនប្រុសកីឡាករ ចាន់ វឌ្ឍនាកា បានធ្វើដំណើរទៅម៉ាឡេស៊ីកាលពីល្ងាចមិញ ដើម្បីបន្ដអាជីពរបស់ខ្លួនជាមួយក្លឹបថ្មី នៅលីគកំពូលម៉ាឡេស៊ី គឺក្លឹបជើងឯករង Pahang FA នារដូវកាលថ្មី ឆ្នាំ២០១៨ឆាប់ៗខាងមុខ ៕

អត្ថបទ៖ បុត្រា

មតិយោបល់