កែវ សុខផេង បង្ហើបមហិច្ឆតាដ៏ធំ ក្រោយសម្រេចចិត្តលេងនៅលីគកំពូលម៉ាឡេស៊ី

នូ មករា January 2, 2018


ភ្នំពេញ៖ នារសៀលថ្ងៃទី០២ ខែមករានេះ អតីតសមាជិកក្លឹបភ្នំពេញក្រោន កីឡាករ កែវ សុខផេង បានចាកចេញពីកម្ពុជា ធ្វើដំណើរទៅម៉ាឡេស៊ីហើយ ដើម្បីលេងឲ្យក្លឹបថ្មី PKNP FC សម្រាប់រដូវកាលថ្មី ឆ្នាំ២០១៨ ប៉ុន្ដែមុនចេញដំណើរកីឡាករជម្រើសជាតិកម្ពុជារូបនេះ បានបង្ហើបពីមហិច្ឆតាដ៏ធំ សម្រាប់អនាគតអាជីពបាល់ទាត់របស់ខ្លួន គឺការទៅលេងនៅអឺរ៉ុប ។

កែវ សុខផេង បានលើកឡើងថា ការសម្រេចចិត្តទៅលេងឲ្យក្លឹបសមាជិកលីគកំពូលម៉ាឡេស៊ី PKNP FC គឺជាជោគជ័យមួយជំហានក្នុងអាជីពហាលថ្ងៃហាលភ្លៀងមួយនេះ ។ តែបើនិយាយពីមហិច្ឆតាវិញ ខ្លួនមិនទាន់សម្រេចគោលដៅចង់បានឡើយ ដោយសារខ្លួនចង់ទៅលេងនៅអឺរ៉ុប ប៉ុន្ដែការទៅលេងនៅម៉ាឡេស៊ី អាចជាពន្លឺមួយ ដើម្បីដុះខាត់សមត្ថភាព ឆ្ពោះទៅសម្រេចក្ដីស្រមៃខាងលើ ។

ប្អូនប្រុសកីឡាករ កែវ សុខង៉ន រូបនេះ បាននិយាយថា៖ «បន្ទាប់ពីទៅលេងនៅម៉ាឡេស៊ី គឺខ្ញុំមានមហិច្ឆតាចង់ទៅលេងនៅអឺរ៉ុប ។ តែបច្ចុប្បន្នសមត្ថភាពខ្ញុំនៅមានកម្រិត ដូច្នេះខ្ញុំនឹងយកឱកាសទៅលេងនៅម៉ាឡេស៊ី ខិតខំហ្វឹកហាត់ និងប្រឹងប្រែងឲ្យបានខ្លាំង ដើម្បីទទួលបានជោគជ័យក្នុងតំបន់អាស៊ាន និងអាស៊ីជាមុនសិន បន្ទាប់មកទើបខ្ញុំ បោះជំហានទៅលេងលេងនៅអឺរ៉ុប» ។

សូមបញ្ជាក់ថា នេះគឺជាលើកដំបូងហើយ ដែល កែវ សុខផេង សម្រេចចិត្តប្រកបអាជីពក្រៅស្រុក បន្ទាប់ពីមានការជំរុញពីក្រុមគ្រួសារ និងប្រធានក្លឹបភ្នំពេញក្រោនលោកឧកញ៉ា ឬទ្ធី សំណាង ។ សុខផេង នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ពីក្លឹប PKNP FC រួមមានផ្ទះស្នាក់នៅ រថយន្ដផ្ទាល់ខ្លួន ១គ្រឿង អាហារហូបចុក និងការធានារ៉ាប់រងបញ្ហាសុខភាពផ្សេងៗជាដើម ប៉ុន្ដែប្រាក់ខែ សាមីខ្លួនមិនបានបង្ហើបឲ្យដឹងនោះទេ ៕

អត្ថបទ៖ បុត្រា

មតិយោបល់