ជូនពរសំណាងល្អ! កែវ សុខផេង ចេញទៅរួមរស់ជាមួយក្លឹបថ្មីរសៀលនេះ

នូ មករា January 2, 2018


ភ្នំពេញ៖ សមាជិកក្រុមជម្រើសជាតិកម្ពុជាគឺ កីឡាករ កែវ សុខផេង នឹងត្រូវចាកចេញពីស្រុកកំណើត ដើម្បីបន្ដអាជីពជាមួយក្លឹបថ្មី គឺក្លឹប PKNP FC សមាជិកលីគកំពូលម៉ាឡេស៊ី នារសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨ នេះហើយ ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីសាមីខ្លួនផ្ទាល់ ។

សូមបញ្ជាក់ថា ការបោះជំហានប្រកបអាជីពបាល់ទាត់ក្រៅស្រុកលើកដំបូងនេះ សុខផេង បានចុះកុងត្រារយៈពេល ១ឆ្នាំជាមួយក្លឹប ទើបឡើងមកលេងលីគកំពូលកម្ពុជា ជាមួយនឹងតម្លៃខ្លួនមិនទាន់បង្ហើបឲ្យដឹង តែទទួលបានសេវាផ្សេងៗជាច្រើន ដូចជាផ្ទះសម្រាប់ស្នាក់នៅ រថយន្ដធ្វើដំណើរផ្ទាល់ខ្លួន ប្រាក់ឧបត្ថម្ភ និងការធានាសេវាសុខភាពផ្សេងៗជាដើម ។

គួរបញ្ជាក់ថា ក្លឹប PKNP FC ដែលជាក្លឹបថ្មីរបស់អតីតសមាជិកក្លឹបភ្នំពេញក្រោន គឺទើបតែបង្កើតកាលពីឆ្នាំ២០១៥ ប៉ុន្ដែតាំងពីចូលលេងលីគទី៣ និងលីគទី២ ក្លឹបមួយនេះបានបង្ហាញភាពខ្លាំងជាបន្ដបន្ទាប់ រហូតទទួលបានកៅអីចូលលេងលីគកំពូលម៉ាឡេស៊ី ឆ្នាំ២០១៨ ។ ដោយមើលឃើញពីសក្ដានុពលរបស់ក្លឹបក្មេងខ្ចីនេះហើយ ទើបជំរុញឲ្យកីឡាករ កែវ សុខផេង សម្រេចចិត្តឃ្លាតកាយឆ្ងាយស្រុក ទៅប្រកបអាជីពនៅម៉ាឡេស៊ីដូច្នេះ ៕

អត្ថបទ៖ បុត្រា

មតិយោបល់