Sponsor Futsal Cup: ក្រុម Garuda FC និង Next-Step គឺជាក្រុមខ្លាំងនៅមណ្ឌលខេត្តសៀមរាប

នូ មករា January 1, 2018


ភ្នំពេញ៖ ព្រឹត្តិការណ៍ Sponsor Futsal-Cup 2017 បានបញ្ចប់វគ្គជម្រុះមណ្ឌលខេត្តសៀមរាបហើយបន្ទាប់ពីបានធ្វើការប្រកួតរយៈពេល២ថ្ងៃ គឺថ្ងៃទី៣០ និងទី៣១ ខែធ្នូរួចមកនោះ ។ បើតាមការឲ្យដឹងពី លោក សឹម សានត្រាន ដែលជាអ្នកគ្រប់គ្រងការប្រកួតនេះបានឲ្យដឹងថាមណ្ឌលខេត្តសៀមរាបមានក្រុមបាល់ទាត់ចំនួន ៤០ក្រុមចូលរួម ។ ការប្រកួតបានធ្វើឡើងតាមរូបមន្តជម្រុះគឺក្រុមណាចាញ់ត្រូវខ្ទាតចេញពីការប្រកួតចំណែកឯក្រុមឈ្នះត្រូវប្រកួតបន្តរហូតនៅសល់ ៤ក្រុមសម្រាប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។ ក្រុមដែលឈ្នះនៅវគ្គពាក់ពាក់កណ្ដាលផ្ដាច់ព្រ័ត្រទោះបីត្រូវប្រកួតរកចំណាត់ថ្នាក់លេខ១ ប្រចាំមណ្ឌលក៏ពិតមែនតែក្រុមទាំង ២នេះមានកៅអីដើម្បីប្រកួតវគ្គ ១០ក្រុមចុងក្រោយដែលសុទ្ធតែជាក្រុមខ្លាំងឈ្នះនៅក្នុងការប្រកួតជម្រុះនៅតាមមណ្ឌលទាំង ៥ ។
 
សម្រាប់មណ្ឌលខេត្តសៀមរាបចំណាត់ថ្នាក់លេខ១ បានទៅក្រុមហ្គារូដាអេហ្វស៊ី (Garuda FC) ដែលបានប្រកួតឈ្នះក្រុមណេចស្តេបអេហ្វស៊ី (Next-Step FC) នៅវគ្គផ្ដាច់ព្រ័ត្រក្នុងលទ្ធផល ៤ ទល់ ៣ ទាំងប្រផិតប្រផើយ ។ ក្រុមទាំង ២ នេះនឹងមានកៅអីដើម្បីឡើងមកប្រកួតវគ្គ១០ក្រុមចុងក្រោយជាបន្តទៀត ។ សូមបញ្ជាក់ថា នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រណេចស្ដេប អេហ្វស៊ី បានប្រកួតឈ្នះក្រុមវ៉ម-អាប់ (Worm-Up) ៣ ទល់២ ក្នុងខណៈដែលក្រុមហ្គារូដាអេហ្វស៊ី យកឈ្នះក្រុមសៀមរាបអេហ្វស៊ី ១ ទល់០ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នាដែរនោះ ។ នេះជាមណ្ឌលទី៣ហើយដែលបានបញ្ចប់វគ្គជម្រុះ ខណៈដែលមណ្ឌលទី១ គឺរាជធានីភ្នំពេញដែលចំណាត់ថ្នាក់លេខ១ បានទៅក្រុមរ៉ូលីងអេហ្វស៊ី និងក្រុមលេខ២ បានទៅក្រុមហូមស្ប៉ត ។ សម្រាប់មណ្ឌលខេត្តបន្ទាយមានជ័យដែលបញ្ចប់ការប្រកួតដែរនោះលេខ១ បានទៅក្រុមស៊ីសូផុនអេហ្វស៊ី និងលេខ២ បានទៅក្រុមហ្វេមីលីអេហ្វស៊ី ។ ដោយឡែកនៅថ្ងៃទី៦ និងទី៧ ខែមករា ឆ្នាំ២០១៨ខាងមុខនេះការប្រកួតជម្រុះនឹងធ្វើនៅខេត្តព្រៃវែង ប៉ុន្តែមណ្ឌលនេះនៅមិនទាន់ដឹងថាមានក្រុមបាល់ទាត់ប៉ុន្មានក្រុមចូលរួមនៅឡើយទេ ៕
អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់