ផ្ដាច់ព្រ័ត្រលីគកំពូលកម្ពុជាល្ងាចនេះ គ្រូបឹងកេតបារម្ភ តែគ្រូទ័ពថា មិនងាយស្រួលឡើយ!

នូ មករា December 30, 2017


ភ្នំពេញ៖ នាវេលាម៉ោង ៦ល្ងាចនេះ គឺជាការប្រកួតផ្ដាច់ព្រ័ត្រលីគកំពូលកម្ពុជា រវាងក្រុមការពារតំណែងជើងឯកបឹងកេត និងក្រុមជើងឯករងឆ្នាំចាស់ ក្រសួងការពារជាតិ(ទ័ព) ។ ចាំមើលតើក្រុមណា នឹងក្លាយជាម្ចាស់ពានជើងឯកលីគកំពុលកម្ពុជា ប្រចាំឆ្នាំ២០១៧? ជុំវិញការប្រកួតផ្ដាច់ព្រ័ត្រនេះដែរ គ្រូបង្វឹកក្រុមទាំងពីរ បានបញ្ចេញទស្សនៈផ្ទុយគ្នា ក្នុងនោះលោក ហៅ សុជាតិ គ្រូបង្វឹកក្រុមបឹងកេត បានសម្ដែងនូវការបារម្ភមួយចំនួន ដោយសារបញ្ហាកូនក្រុមរបួស និងភាពខ្លាំងរបស់ក្រុមក្រសួងការពារជាតិ ដែលផ្ទុយពីការលើកឡើងរបស់លោក ទេព ឡុងរចនា ដោយលោកអះអាងថា ក្រុមលោកបានត្រៀមខ្លួនជាស្រេចសម្រាប់ការប្រកួតនេះ តែនឹងមិនងាយស្រួលឡើយ បើទោះបីបឹងកេតមានបញ្ហាកីឡាករក៏ដោយ ។
លោក ហៅ សុជាតិ បាននិយាយថា កីឡាករខ្សែបម្រើ-ប្រយុទ្ធ Gbenga និងអ្នកចាំទី ស៊ូ យ៉ាទី សុទ្ធតែមានបញ្ហារបួសក្នុងការប្រកួតពានរង្វាន់ Toyota Mekong Cup នាពេលកន្លងមក ហើយល្ងាចនេះ ពួកគេមិនទាន់ប្រាកដបាជួយមិត្តរួមក្រុម ឬយ៉ាងណានោះទេ ។ ម្យ៉ាងវិញទៀត បច្ចុប្បន្នទ័ព គឺមានការឡើងជើងខ្លាំង ដែលធ្វើឲ្យលោកមានការបារម្ភ ស្របពេលកីឡាករកំពុងមានសម្ពាធផ្នែកអារម្មណ៍ ក្រោយបរាជ័យ ៣ប្រកួតចុងក្រោយនាពេលកន្លងមក ។
ដោយឡែកលោក ទេព ឡុងរចនា បានបញ្ជាក់ថា អ្វីដែលជាក្ដីបារម្ភ គឺកីឡាករ ច្រឹង ពលរដ្ឋ ពេលនេះអាចចូលលេងបានហើយ គ្រាន់តែស្ថិតនៅជម្រើសបម្រុង ។ យ៉ាងណាមិញលោកគិតថា វគ្គផ្ដាច់ព្រ័ត្រល្ងាចនេះ មិនមែនជាការប្រកួតងាយស្រួលឡើយ ដោយលោកសំអាងថា ពេលបឹងកេត ប៉ះអគ្គិសនីកម្ពុជាដណ្ដើមលេខ៣ ពាន Hun Sen Cup ថ្ងៃមុន បានប្រើធនធានយុវជនច្រើន ហើយកីឡាករសំខាន់ៗ ត្រូវបានទុកត្រៀមជួបក្រសួងការពារជាតិល្ងាចនេះ ។ ប៉ុន្ដែយ៉ាងណាលោកបានជ្រើសរើសកៅអីលេងពាន AFC Cup 2018 ដើម្បីលើកទឹកចិត្តកូនក្រុមឲ្យខំប្រឹងប្រកួតប្រជែងដណ្ដើមជើងឯក ។ លោកបានបន្ថែមថា ឱកាសចូលរួមប្រកួតពានរង្វាន់ក្លឹបបាល់ទាត់ជើងឯកអាស៊ីនេះ នឹងក្លាយជាកម្លាំងមួយដ៏សំខាន់ ដែលអាចជំរុញឲ្យក្រុមទាំងពីរលេងប្ដូរផ្ដាច់រៀងៗខ្លួន ដើម្បីដណ្ដើមជ័យជម្នះ ហើយលោករំពឹងយ៉ាងមុតមាំថា ក្រសួងការពារជាតិនឹងធ្វើបានល្អ ដើម្បីទទួលបានឱកាសចេញទៅប្រកួតពានកម្រិតអាស៊ីលើកដំបូង ៕ អត្ថបទ៖ បុត្រា

 

មតិយោបល់