Sponsor Futsal Cup: ចាប់ផ្ដើមវគ្គជម្រុះនៅមណ្ឌលខេត្តសៀមរាប

នូ មករា December 29, 2017


ភ្នំពេញ៖ បន្ទាប់ពីប្រកួតរកជើងខ្លាំងបានចំនួន ២មណ្ឌលហើយនោះ ព្រឹត្តិការណ៍ Sponsor Futsal Cup 2017 បានចាប់ផ្ដើមធ្វើការប្រកួតជម្រុះនៅមណ្ឌលខេត្តសៀមរាបបន្តទៀតហើយនៅចុងសប្ដាហ៍នេះ ។ ការប្រកួត ២ថ្ងៃគឺថ្ងៃទី៣០ និងទី៣១ ខែធ្នូនោះដោយធ្វើនៅទីលានបាល់ទាត់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ។ លោក សឹម សានត្រាន ដែលជាអ្នកគ្រប់គ្រង និងរៀបចំកម្មវិធីប្រកួតនេះបានឲ្យដឹងថា មណ្ឌលខេត្តសៀមរាបមានក្រុមបាល់ទាត់ចំនួន ៤០ក្រុមចូលរួម ដោយការប្រកួតធ្វើឡើងតាមរូបមន្តជម្រុះ (Knock-Out) គឺក្រុមដែលចាញ់ត្រូវតែខ្ទាតចេញពីការប្រកួតចំពោះក្រុមដែលឈ្នះនៅសល់ ៤ក្រុមគឺបន្តលេងនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយក្រុមដែលឈ្នះនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រត្រូវប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ១ ក្នុងមណ្ឌលជាបន្តទៀត ។
សូមបញ្ជាក់ថា ២ ក្រុមដែលឈ្នះនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រគឺជាក្រុមដែលបានឡើងមកលេងវគ្គផ្ដាច់ព្រ័ត្រ ឬ វគ្គ ១០ក្រុមចុងក្រោយដែលសុទ្ធតែជាក្រុមឈ្នះពីការប្រកួតជម្រុះនៅមណ្ឌលទាំង៥ ។ សូមបញ្ជាក់ថា មណ្ឌលចំនួន ២ ដែលបញ្ចប់ការប្រកួតជម្រុះហើយនោះមានមណ្ឌលរាជធានីភ្នំពេញដែលនៅក្នុងមណ្ឌលនេះមានក្រុមបាល់ទាត់ចូលរួមប្រកួតជម្រុះ ៤០ក្រុមហើយក្រុមលេខ១ គឺក្រុមរ៉ូលីងអេហ្វស៊ី និងក្រុមលេខ២ គឺហូមស្ប៉តអេហ្វ ស៊ី ។ ចំពោះមណ្ឌលខេត្តបន្ទាយមានជ័យដែលបានបញ្ចប់វគ្គប្រកួតជម្រុះដែរហើយកាលពីថ្ងៃទី២២ និងទី២៣ ខែធ្នូនោះមាន ៣២ ក្រុមចូលរួម ។ ២ក្រុមដែលឈ្នះក្នុងវគ្គជម្រុះគឺក្រុមស៊ីសូផុនអេហ្វស៊ី និង ក្រុមចំណាត់ថ្នាក់លេខ២ គឺក្រុមហ្វាមីលីអេហ្វស៊ី ។ ដូច្នេះ ក្រុមខ្លាំងទាំង ៤មកពី ២មណ្ឌលនេះកំពុងអង្គុយរង់ចាំ ៦ក្រុមទៀតមកពី ៣មណ្ឌលដទៃគឺមណ្ឌលខេត្តសៀមរាប ខេត្តព្រៃវែង និងខេត្តព្រះសីហនុ ៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់