ពានសម្តេចហ៊ុន សែន៖ អគ្គិសនីកម្ពុជា កំណត់ទិសដៅថ្មី ក្រោយជោគជ័យលើសការរំពឹងទុក!

នូ មករា December 29, 2017


ភ្នំពេញ៖ ថ្វីបើទទួលបានត្រឹមចំណាត់ថ្នាក់លេខ៣ ក្នុងការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ Hun Sen Cup 2017 ក៏ពិតមែន ប៉ុន្ដែថ្នាក់ដឹកនាំក្រុមអគ្គិសនីកម្ពុជា(EDC) បានចាត់ទុកសមិទ្ធផលនេះ គឺជាជោគជ័យធំធេង ស្របពេលការបង្ហាញខ្លួនលើកដំបូង ក្រុមក្មេងខ្ចីមួយនេះ រំពឹងត្រឹមឡើងវគ្គ ១/៤ផ្ដាច់ព្រ័ត្រប៉ុណ្ណោះ ។ ទន្ទឹមនឹងការទទួលបានផ្លែផ្ការល្អប្រសើរនេះ ក្រុមអគ្គិសនីកម្ពុជា ក៏បានបង្ហើបពីទិសដៅថ្មី សម្រាប់ត្រៀមរដូវកាលក្រោយផងដែរ ។
 
លោក ផាន សុផានណារ៉ា គ្រូជំនួយក្រុមអគ្គិសនីកម្ពុជាបានថ្លែងថា៖ «ចំពោះគោលដៅឆ្នាំនេះ ក្រោមកិច្ចពិភាក្សារបស់ថ្នាក់ដឹកនាំ គឺក្លឹបប្រាថ្នាចង់ឡើងត្រឹមវគ្គ ៨ក្រុមចុងក្រោយ ប៉ុន្ដែលទ្ធផលជាក់ស្ដែង គឺយើងបានឈ្នះប៉ូលិស ហើយឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលយើងចាញ់ក្រុមព្រះខ័នរាជស្វាយរៀង(៦-៤) ។ តែជាក់ស្ដែងពួកយើងទទួលបានលេខ៣ ក្រោយយកឈ្នះបឹងកេត ។ ដូច្នេះនេះគឺជាចំណាត់ថ្នាក់មួយ ដែលយើងចង់បាន លើសពីអ្វី ដែលយើងប៉ងប្រាថ្នា» ។
 
ដោយឡែកចំពោះទិសដៅរដូវកាលថ្មី គ្រូជំនួយដដែលបានបង្ហើបថា៖ «ឆ្នាំក្រោយ ក្លឹបបានកំណត់ទិសដៅរួចហើយ គឺពួកយើងបានប្ដេជ្ញាចិត្ត និងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រម្ដងទៀត ។ ប៉ុន្ដែដើម្បីសម្រេចនូវគោលដៅរបស់យើង ក្លឹបនឹងធ្វើការសម្លឹងរកកីឡាករល្អ និងបង្កើនការហ្វឹកហាត់បន្ថែម ដើម្បីត្រៀមពានរង្វាន់ផ្សេងៗ នាឆ្នាំ២០១៨» ។
 
សូមបញ្ជាក់ថា ក្រុមអគ្គិសនីកម្ពុជា ទើបតែបង្កើតកាលពីឆ្នាំ២០១៦ ហើយបានចូលប្រកួតលីគលំដាប់ទី២ ដោយទទួលបានជើងឯករង មុននឹងទទួលបានកៅអីចូលរួមពានរង្វាន់ Hun Sen Cup និងលីគកំពូលកម្ពុជា ឆ្នាំ២០១៧ ។ លើសពីនេះ EDC មិនត្រឹមតែដណ្ដើមបានចំណាត់លេខ៣ នៃពាន Hun Sen Cup នោះទេ គឺស្ទើរតែធ្វើឲ្យក្រុមព្រះខ័នរាជស្វាយរៀង ប្រហោងពោះប៊ិះធ្លាក់ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទៀតផង ក្រោយប្រកួតជើងទី១ ស្មើគ្នា ២-២ និងប្រកួតជើងទី២ ចាញ់ស្វាយរៀង ៤-២ ៕
អត្ថបទ៖ បុត្រា

មតិយោបល់