ដឹងអត់! ប្រកួតណាធ្វើឲ្យគ្រូស្វាយរៀង សោកស្ដាយខ្លាំងបំផុតប្រចាំឆ្នាំ២០១៧?

នូ មករា December 29, 2017


ភ្នំពេញ៖ បេសកកម្មប្រចាំឆ្នាំ២០១៧ របស់ក្រុមព្រះខ័នរាជស្វាយរៀង បានបញ្ចប់ទាំងស្រុងហើយ ដោយទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងការប្រកួតជើងឯកលីគកំពូលកម្ពុជា និងគ្រងតំណែងជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup រដូវកាលទី១១ ឆ្នាំ២០១៧ ។ ប៉ុន្ដែក្នុងចំណោមការប្រកួតទាំងអស់ គឺមាន ១ប្រកួត បានបន្សល់នូវការសោកស្ដាយខ្លាំងបំផុត សម្រាប់គ្រូបង្វឹកលោក សំ វ៉ាន់ដេត ។ ទស្សន៍ទាយមើល តើជាការប្រកួតមួយណា?
   
លោក សំ វ៉ាន់ដេត បានបញ្ជាក់ថា ទោះបីក្រុមព្រះខ័នរាជស្វាយរៀង បានរបូតឱកាសប្រជែងជើងឯកលីគកំពូលកម្ពុជា ក្រោមថ្វីជើងក្រុមក្រសួងការពារជាតិ ក្រោយបរាជ័យក្នុងទឹកដី ដោយលទ្ធផល ៣-១ នៅក្នុងជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក៏ពិតមែន ប៉ុន្ដែការប្រកួតនេះ មិនមែនជាការប្រកួតបន្សល់នូវការឈឺចាប់សម្រាប់រូបលោកនោះទេ តែការប្រកួត ដែលធ្វើឲ្យលោកសោកស្ដាយខ្លាំងនោះ គឺជំនួបចុងក្រោយក្នុងវគ្គសន្សំពិន្ទុជើងទី២ ជាមួយនឹងអតីតក្រុមជើងឯក ៦សម័យកាលភ្នំពេញក្រោន ។
លោកបាននិយាយថា៖ «ប្រកួតដែលខ្ញុំសោកស្ដាយបំផុត គឺចាញ់ក្រុមភ្នំពេញក្រោន លើទឹកដីខ្លួនឯង ។ ប៉ុន្ដែមិនមែនកំហុសគ្រូ កីឡាករ ឬបច្ចេកទេសទេ គឺកំហុសយើងប្រមូលកម្លាំងមិនបានល្អ ។ កាលហ្នឹង យើងបានលេងជាមួយ EDC ក្នុងវគ្គ ១/២ ពានសម្ដេចជើងទី១ ហើយ EDC នាំមុខ ២គ្រាប់មុន ដែលធ្វើឲ្យយើងលេងប្ដូរច្រើន ។ ដល់ចឹងពេលប៉ះភ្នំពេញក្រោន ដែលជាក្លឹបលេងដោយជំនឿចិត្ត គឺធ្វើឲ្យកម្លាំងសល់ពីប្រកួតជាមួយ EDC មិនអាចទប់ទល់ជាមួយភ្នំពេញក្រោនបាន រហូតបរាជ័យ ២-១…។ ដូច្នេះប្រកួតនេះហើយ ដែលខ្ញុំទទួលស្គាល់ថា វិទ្យាសាស្ដ្រប្រមូលកម្លាំងក្នុងបាល់ទាត់របស់ខ្ញុំ នៅមានកម្រិតនៅឡើយ» ។
 
សូមរំឮកថា ការបរាជ័យក្រោមថ្វីជើងក្រុមភ្នំពេញក្រោន ក្នុងជំនួបចុងក្រោយ នៃវគ្គសន្សំពិន្ទុជើងទី២ នោះហើយ ទើបធ្វើឲ្យក្រុមព្រះខ័នរាជស្វាយរៀង ដែលជាក្រុមឈរកំពូលតារាងពិន្ទុស្ទើរពេញមួយរដូវកាល បានធ្លាក់ពីតំណែងកំពូលតារាង មកឈរលេខរៀងទី២ ហើយជំនួសវិញ ដោយក្រុមបឹងកេតអែហ្វស៊ី ដែលឈរចាំវគ្គផ្ដាច់ព្រ័ត្រ និងត្រៀមប្រកួតដណ្ដើមជើងឯក ជាមួយក្រុមក្រសួងការពារជាតិ នាល្ងាចថ្ងៃទី៣០ ខែធ្នូស្អែកនេះ នៅលើទីលានពហុកីឡដ្ឋានជាតិ ៕
អត្ថបទ៖ បុត្រា

មតិយោបល់