ចាន់ វឌ្ឍនាកា ចេញទៅម៉ាឡេស៊ី ខណ:បែកធ្លាយព័ត៌មានត្រៀមចុះកុងត្រានៅក្លឹប Pahang FA

នូ មករា December 14, 2017


ភ្នំពេញ៖ កីឡាករជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា បានធ្វើដំណើរទៅប្រទេសម៉ាឡេស៊ីហើយ ក្រោយចប់ភារកិច្ចជួយក្រុមបឹងកេត ដែលធ្លាក់ត្រឹមវគ្គជម្រុះពានរង្វាន់ Toyota Mekong Club Championship 2017 កាលពីយប់មិញ ។ ដំណើរឆ្ពោះទៅប្រទេសម៉ាឡេស៊ីនេះដែរ ត្រូវបានប្រភពព័ត៌មានច្បាស់ការមួយបង្ហើបថា វឌ្ឍនាកា ត្រូវទៅចរចាលើកចុងក្រោយជាមួយក្លឹបថ្មី ដែលឈរលេខ២ នៃលីគកំពូលម៉ាឡេស៊ី គឺក្លឹប Pahang​FA មុនឈានដល់ការចុះកុងត្រានាពេលដ៏ខ្លីខាងមុខ បើសិនត្រូវរ៉ូវគ្នា ។
យោងតាមគណនី Facebook ផ្ទាល់របស់ ចាន់ វឌ្ឍនាកា បានបញ្ជាក់ថា រូបគេបានធ្វើដំណើរទៅម៉ាឡេស៊ីហើយ នៅថ្ងៃទី១៤ ខែធ្នូនេះ ប៉ុន្ដែមិនបានបញ្ជាក់ទៅធ្វើអ្វីនោះទេ ។ តែស្របពេលជាមួយគ្នា មានភ្នាក់ងារដោះដូកីឡាករអន្ដរជាតិម្នាក់ បង្ហើបថា វឌ្ឍនាកា ទៅទីនោះ ដើម្បីសម្រេចចិត្តលើកចុងក្រោយជាមួយក្លឹបថ្មី ដែលគេបានប្រកាសចរចាត្រូវរ៉ូវគ្នា ១០០% កាលពីពេលថ្មីៗ ខណៈក្លឹបថ្មីនោះ គឺក្រុមជើងខ្លាំង Pahang ដោយម្ចាស់ក្លឹបនេះគឺជាព្រះមហាក្សត្រនៃរដ្ឋ​ Pahang តែម្តង​ និងហ៊ានឲ្យប្រាក់ខែ ចាន់ វឌ្ឍនាកា ដល់ទៅ ១៥,០០០ដុល្លារក្នុងមួយខែ ។
សូមបញ្ជាក់ថា បច្ចុប្បន្នមានកីឡាករកម្ពុជា ២នាក់ហើយ ដែលបានព្រមព្រៀងលេងឲ្យក្លឹបលីគកំពូលម៉ាឡេស៊ី គឺមានកីឡាករ កែវ សុខផេង លេងឲ្យក្លឹប PKNP FC និងកីឡាករ ធារី ចន្ថាប៊ីន លេងឲ្យក្លឹប Tererganu FC ។ ដូច្នេះបើសិន ចាន់ វឌ្ឍនាកា ទៅលេងនៅលីគកំពូលម៉ាឡេស៊ី គេនឹងក្លាយជាកីឡាករកម្ពុជាទី៣ ដែលត្រូវលេងនៅទីនោះ ។ ហេតុនេះសូមរង់ចាំព័ត៌មានផ្លូវការទាំងអស់គ្នា ថាតើ ចាន់ វឌ្ឍនាកា ត្រូវចុះកុងត្រាលេងឲ្យក្លឹប Pahang មែន ឬក៏យ៉ាងណា? ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់