ក្តៅៗ…ចាន់ វឌ្ឍនាកា ប្រកាស ប្តូរទៅលេងនៅក្លឹបក្រៅស្រុកមួយក្រោយជួយបឹងកេតក្នុងពាន Toyota Mekong

នូ មករា December 7, 2017


ភ្នំពេញ៖ ខ្សែប្រយុទ្ធឆ្នើមរបស់កម្ពុជា ចាន់ វឌ្ឍនាកា បានបញ្ជាក់ថា រូបគេនឹងប្តូរទៅលេងឱ្យក្លឹបបាល់ទាត់ក្រៅស្រុកមួយនៅពេលដែលរូបគេបានជួយក្លឹបបឹងកេតសម្រាប់ការប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ Toyota Mekong រួចរាល់ជាស្ថាពរ ។ ការលើកឡើងនេះបានធ្វើឡើងបន្ទាប់ពីរូបគេបានធ្វើដំណើរមកដល់មាតុប្រទេសវិញបន្ទាប់ពីបានបញ្ចាប់កិច្ចសន្យាជាមួយក្លឹប Fujieda របស់ជប៉ុនរួចមក ។

កីឡាកររូបនេះបានថ្លែងថា រូបគេបានចរចារជាមួយក្លឹបបាល់ទាត់ថ្មីនេះសម្រេច ១០០% ហើយ ប៉ុន្តែគេសូមមិនបញ្ជាក់ឈោ្មះក្លឹបថ្មីនេះឡើយ ដោយរង់ចាំក្រោយការប្រកួតពាន Toyota Mekong បញ្ចប់សិន ។ យ៉ាងណាក៏ដោយ រូបគេបានបង្ហើបថា ក្លឹបថ្មីនេះស្ថិតនៅក្នុងប្រទេសក្បែរៗកម្ពុជា និងបានយល់ព្រមផ្តល់ឱកាសឱ្យរូបគេបានលេងពេញលេញដោយមិនបង្អាក់ទុកដូចក្លឹប Fujieda នោះទេ។ ខ្សែប្រយុទ្ធរូបនេះបានបន្ថែមថា ការសម្រេចចិត្តទៅលេងនៅក្លឹបបរទេសថ្មីនេះ គឺដើម្បីសម្រេចគោលបំណងអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនបន្ទាប់ពីខកខានមិនបានបង្ហាញខ្លួនលើទីលានពេលនៅលេងជាមួយក្លឹបជប៉ុនរួចមក ។ បន្ថែមពីលើនេះ ចាន់ វឌ្ឍនាកា ក៏បានអះអាងដែរថា ទោះបីក្លឹប Fijieda បន្តកិច្ចសន្យាក៏រូបគេមិនអាចទទួលយកបានឡើយ ព្រោះគេពេញចិត្តចំពោះលក្ខខណ្ឌរបស់ក្លឹបថ្មីទៅហើយ ៕

អត្ថបទ៖ បុត្រា

មតិយោបល់