បេសកកម្មសំខាន់ៗរបស់ក្រុមបាល់ទាត់នារីកម្ពុជា សម្រាប់ឆ្នាំ២០១៨ ខាងមុខ

នូ មករា December 7, 2017


ភ្នំពេញ៖ បន្ទាប់ពីបំផុសឲ្យមានសកម្មភាពបាល់ទាត់នារីពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជារួចមក នៅឆ្នាំ២០១៨ខាងមុខនេះ ក្រុមបាល់ទាត់នារីកម្ពុជា នឹងមានបេសកកម្មធំៗចំនួន ២ ត្រូវចូលរួមប្រកួតនៅឥណ្ឌូនេស៊ី ក្នុងនោះក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា ឬក្រុមធំ ត្រូវចូលរួមប្រកួតជើងឯកអាស៊ីអាគ្នេយ៍ AFF Women’s Championship 2018 និងក្រុមជម្រើសជាតិនារី U16 កម្ពុជា ត្រូវចូលរួមប្រកួតជើងឯកអាស៊ីអាគ្នេយ៍ AFF U16 Girl’s Championship 2018 ។
សម្រាប់បេសកកម្មរបស់ក្រុមជម្រើសជាតិនារី គឺស្ថិតក្នុងពូលA ដែលអាចចាត់ទុកជាពូលមរណៈ ព្រោះត្រូវប្រឈមមុខជាមួយក្រុមខ្លាំងៗ ដូចជាក្រុមថៃ អូស្ដ្រាលី ម៉ាឡេស៊ី និងទីម័រខាងកើត ខណៈពូលB រួមមានវៀតណាម មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី និងម្ចាស់ផ្ទះឥណ្ឌូនេស៊ី ។ ចំណែកក្រុម U16 នារីកម្ពុជា គឺស្ថិតក្នុងពូលB ជាមួយក្រុមថៃ ឡាវ និងម្ចាស់ផ្ទះដូចគ្នា គ្រាដែលពូលA មានក្រុមខ្លាំងហ្វីលីពីន មីយ៉ាន់ម៉ា វៀតណាម ម៉ាឡេស៊ី និងសិង្ហបុរី ។ យ៉ាងណាក៏ដោយ ចំពោះកាលបរិច្ឆេទ និងកម្មវិធីប្រកួត គណៈកម្មការប្រកួតមិនទាន់បង្ហាញនោះទេ ។
សូមបញ្ជាក់ថា មួយរយៈពេលចុងក្រោយនេះ ក្រុមបាល់ទាត់នារី ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា យកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍ខ្លាំងដូចក្រុមបាល់ទាត់បុរសដែរ ។ មិនតែប៉ុណ្ណោះ ថ្នាក់ដឹកនាំសហព័ន្ធក៏សម្លឹងឃើញឱកាសស្វែងរកមេដាយជូនជាតិរបស់ក្រុមកីឡាបាល់ទាត់នារី នៅលើឆាកអន្ដរជាតិ ពិសេសកម្រិតតំបន់អាស៊ាន ដូចជាការប្រកួតកីឡាស៊ីហ្គេមជាដើម ពោលគឺមានឱកាសច្រើនជាងក្រុមបាល់ទាត់បុរសទៀតផង ។ ក្រោមហេតុផលនេះ សហព័ន្ធកំពុងអភិវឌ្ឍន៍ក្រុមបាល់ទាត់នារីដើម្បីត្រៀមឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕
អត្ថបទ៖ បុត្រា

មតិយោបល់