តើ ចាន់ វឌ្ឍនាកា ហោះទៅវៀតណាមជាមួយបឹងកេត ឬអត់ល្ងាចនេះ?

នូ មករា December 7, 2017


ភ្នំពេញ៖ តាមគម្រោងកីឡាករឆ្នើមកម្ពុជា ចាន់ វឌ្ឍនាកា នឹងធ្វើដំណើរពីជប៉ុន មកដល់កម្ពុជា នាវេលាម៉ោង ៣៖៤០នាទីរសៀលនេះ ក្រោយចប់កុងត្រាខ្ចីជើងជាមួយក្លឹប Fujieda MYFC របស់ជប៉ុន ១រដូវកាល ប៉ុន្ដែដំណើរវិលត្រឡប់របស់កូនប្រុសអភិបាលខេត្តកំពតនេះ គឺមុនពេលជាង ២ម៉ោង ដែលក្លឹបបឹងកេតអែហ្វស៊ី ត្រូវចាកចេញពីកម្ពុជា ទៅវៀតណាម ដើម្បីចូលរួមប្រកួតជម្រុះពានរង្វាន់ TOYOTA Mekong Cup 2017 ជាមួយនឹងក្រុមម្ចាស់ផ្ទះ ។ ដូច្នេះចាំមើលតើ វឌ្ឍនាកា នឹងបន្ដដំណើរទៅវៀតណាមជាមួយបឹងកេតដែរ ឬក៏អត់?
សូមបញ្ជាក់ថា បន្ទាប់ពីចប់កុងត្រាខ្ចីជើងជាមួយក្លឹប Fujieda MYFC កីឡាករ ចាន់ វឌ្ឍនាកា គឺមានឈ្មោះលេងឲ្យក្លឹបបឹងកេតដដែល ហើយថ្នាក់ដឹកនាំក្លឹបកំពុងឈរកំពូលតារាងលីគកំពូលកម្ពុជានេះ ក៏បានបញ្ចូលឈ្មោះរបស់គេ ទៅក្នុងយុទ្ធនាការប្រកួតពានរង្វាន់ TOYOTA Mekong Cup 2017 ផងដែរ ។ ប៉ុន្ដែចម្លើយជួយបាន ឬក៏អត់ សាមីខ្លួនផ្ទាល់កីឡាករ ចាន់ វឌ្ឍនាកា នៅមិនទាន់បញ្ជាក់ប្រាប់ក្លឹបនោះទេ ។ នេះបើតាមការបញ្ជាក់របស់លោក បែ មករា អ្នកចាត់ការទូទៅរបស់ក្លឹបបឹងកេតកាលពីពេលថ្មីៗកន្លងទៅ ហើយលោកក៏កំពុងរង់ចាំចម្លើយ ក្រោយខ្សែប្រយុទ្ធវ័យ ២៤ឆ្នាំ វឌ្ឍនាកា ធ្វើដំណើរមកដល់កម្ពុជាវិញដែរ ។
 
គួររំឮកថា ចាន់ វឌ្ឍនាកា គឺជាកីឡាករកម្ពុជាដំបូង ដែលបានទៅប្រកបអាជីពនៅលីគលំដាប់ទី៣ របស់ជប៉ុន ក្នុងលក្ខខណ្ឌខ្ចីជើង ១រដូវកាលរវាងក្លឹបបឹងកេត និងក្លឹប Fujieda MYFC ។ ប៉ុន្ដែការទៅប្រកបអាជីពនៅទីនោះ ហាក់មិនសមប្រកបឡើយ បើទោះបីមានការហ្វឹកហាត់ខ្លាំងយ៉ាងណា ក៏ខ្សែប្រយុទ្ធជំនាញជើងឆ្វេងរូបនេះ បានលេងក្នុងការប្រកួតផ្លូវការប្រមាណ ៧នាទីប៉ុណ្ណោះ ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់