បើកឆាកពាន FURUI Cup: ការពារជាតិ និងសូលទីឡូអង្គរ រកបាន ១ពិន្ទុដូចគ្នា

នូ មករា December 6, 2017


ភ្នំពេញ៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ 2017 Colorful Yunnan International Tournament ឬពាន FURUI Cup នៅចិន បានចាប់ផ្ដើមការប្រកួតហើយ នៅថ្ងៃទី០៥ ខែធ្នូម្សិលមិញ ខណៈថ្ងៃប្រកួតបើកឆាកក្រុមតំណាងកម្ពុជា ២ក្រុម គឺក្រសួងការពារជាតិ និងក្រុមសូលទីឡូអង្គរ សុទ្ធតែរកបាន ១ពិន្ទុដូចគ្នា ក្រោយប្រកួតស្មើគូប្រជែងរៀងៗខ្លួន ។
  សម្រាប់ក្រុមក្រសួងការពារជាតិ បានប្រកួតស្មើក្រុម UiTM(University Technology Mara) មកពីម៉ាឡេស៊ី ដោយលទ្ធផល ១-១ ។ ការប្រកួតនេះ កីឡាករ Kim Kyong Hun គឺជាអ្នកបំបែកពង់មានឲ្យក្រុមក្រសួងការពារជាតិនាំមុខ ១-០ នៅតង់ទី១ មុនកីឡាករ Dechi March រកបាន ១គ្រាប់នៅនាទី៨០ ជួយឲ្យក្រុម UiTM តាមស្មើ ១-១ វិញ ហើយលទ្ធផលនេះ បានរក្សាដោយចប់ ៩០នាទី ដើម្បីចែកគ្នា ១ពិន្ទុម្នាក់ក្នុងពូលB ។
ដោយឡែកក្រុមសូលទីឡូអង្គរ ដែលស្គាល់ជាក្រុមទទួលការទំនុបបម្រុងដោយកីឡាករល្បីរបស់ជប៉ុន Keisuke Honda គឺបានប្រកួតស្មើក្រុមទើបឡើងលីគកំពូលថៃ Air Force Central ដោយលទ្ធផល ០-០ ដែលធ្វើឲ្យក្រុមទាំងពីរទទួលបាន ១ពិន្ទុរៀងខ្លួនក្នុងពូលA ។
 
សម្រាប់ប្រកួតបន្ទាប់ក្រុមសូលទីឡូអង្គរ ត្រូវជួបក្រុម ម្ចាស់ផ្ទះចិន Yunnan Lijiang ខណៈក្រុមក្រសួងការពារជាតិ ត្រូវជួបក្រុម Hannoi FC របស់វៀតណាម នៅថ្ងៃទី០៧ ខែធ្នូស្អែកនេះ នៅកីឡដ្ឋានយូណាន ប្រទេសចិន ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់