ច្បាស់ហើយ! ធារី ចន្ថាប៊ីន ចូលរួមជាមួយក្លឹប Terengganu នៅលីគកំពូលម៉ាឡេសុីជាផ្លូវការ!

នូ មករា December 5, 2017


ម៉ាឡេសុី៖ យោងតាមការផ្សព្វផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់កីឡាករសញ្ជាតិខ្មែរ-បារាំង ធារី ចន្ថាប៊ីន បានឱ្យដឹងថា នាពេលនេះរូបគេបានក្លាយជាសមាជិករបស់ក្លឹប Terengganu FA ជាផ្លូវការហើយ ជាងនេះទៅទៀតខ្សែបម្រើប្រយុទ្ធរូបនេះបានក្លាយជាកីឡាករកម្ពុជាដំបូងគេដែលបានចូលលេងនៅលីគកំពូលនៃប្រទេសម៉ាឡេសុី ។

ដំណឹងនេះបានជម្រះនូវភាពមន្ទិល ក៏ដូចជាពាក្យលេចលឺនាពេលថ្មីៗនេះ ដែរថារូបគេកំពុងធ្វើតេស្តសាកល្បងនៅក្នុងក្លឹបបាល់ទាត់មួយនៅប្រទេសម៉ាឡេសុី ខណៈដែលគ្រូបង្វឹកក្រុមអគ្គិសនីកម្ពុជា(EDC) លោក ប្រាក់ វុទ្ធី បានអះអាងថា ធារី ចន្ថាប៊ីន បានចាកចេញកម្ពុជាហើយដើម្បីទៅមើលម្ដាយឈឺនៅស្រុកកំណើត(ប្រទេសបារាំង) ដោយមិនត្រឡប់មកជួយក្រុមនាចុងរដូវកាលវិញឡើយ លោកក៏បានបញ្ជាក់ដែរថា ក្លឹបអគ្គិសនីកម្ពុជា មិនទទួលបានដំណឹងច្បាស់រឿង ធារី ចន្ថាប៊ីន ត្រឡប់មកជួយក្រុមវិញ ឬក៏កំពុងធ្វើតេស្ដជាមួយក្លឹបលីកកំពូលម៉ាឡេស៊ីនោះទេ ព្រោះតាំងពីគេចាកចេញទៅក្លឹបមិនដែលមានទំនាក់ទំនងអ្វីជាមួយ ធារី ឡើយ ដោយគ្រាន់តែដឹងថា អតីតកីឡាករក្លឹបភ្នំពេញក្រោនរូបនេះ បានសុំទៅលេងស្រុកដើម្បីមើលម្ដាយកំពុងឈឺនៅបារាំង ហើយសុំសម្រាករហូតដល់ចប់រដូវកាលតែម្ដង ។

សូមបញ្ជាក់ថា Terengganu FA គឺជាសមាជិកលីគបាល់ទាត់កំពូលនៃប្រទេសម៉ាឡេសុី និងមានប្រវត្តិកកើតតាំងតែពីឆ្នាំ១៩៧២ មកម្ល៉េះ ។ ក្លឹបបាល់ទាត់មួយនេះមានកីឡដ្ឋានផ្ទាល់ខ្លួនដែលមានឈ្មោះថា  The Sultan Mizan Zainal Abidin Stadium និងធ្លាប់បានឈ្នះតំណែងជើងឯករងលីគកំពូលម៉ាឡេសុីចំនួន ៣លើក, ពាន Malaysia Cup បាន ១លើក, ពាន Malaysia FA Cup ចំនួន ២លើក, ពាន Malaysia Charity Shield បាន ១លើក, ពាន Malaysia Premier League ចំនួន ២លើក និងពាន FAM League បាន ១លើកផងដែរ ។

សូមបញ្ជាក់ដែរថា នេះជាក្លឹបក្រៅស្រុកទី២ ហើយសម្រាប់កីឡាករល្បីរូបនេះបន្ទាប់ពីបានសម្រេចចិត្តចាកចេញពីក្លឹបបាល់ទាត់ភ្នំពេញក្រោន ជាទីដែលរូបគេបានចំណាយពេលរួមរស់ជាមួយអស់រយៈពេល ៤រដូវកាលរួចមក ។ អ្វីដែលគួរឱ្យកតស់ម្គាល់ដែរនោះគឺ អតីតប្រធានក្រុមជម្រើសជាតិកម្ពុជារូបនេះបានបង្ហាញខ្លួនជាមួយក្លឹប Terengganu FA ដើម្បីត្រៀមចូលលេងក្នុងរដូវកាលថ្មី២០១៨ ជាមួយខ្សែប្រយុទ្ធកូរ៉េខាងត្បូង Kim Hyeon Woo ដែលធ្លាប់បានចូលរួមជាមួយក្លឹបភ្នំពេញក្រោនមួយរយៈកាលដែរកាលពីឆ្នាំ២០១៥ កន្លងទៅ ៕

អត្ថបទ៖ មករា

 

មតិយោបល់