លោក ម៉ៃ តុលា៖ បាល់ទាត់នារី សង្ឃឹមឈ្នះមេដាយស៊ីហ្គេមឆ្នាំ២០២៣ ច្រើនជាងបុរស បើសិនជា…!

នូ មករា December 5, 2017


ភ្នំពេញ៖ លោក ម៉ៃ តុលា អគ្គលេខាធិការស្ដីទីរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានលើកឡើងថា ទោះបីក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជាបច្ចុប្បន្ន មិនសូវមានសកម្មភាពច្រើន ដូចក្រុមបុរសក៏ពិតមែន ប៉ុន្ដែគោលដៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រុមបាល់ទាត់នារី គឺមានសង្ឃឹមច្រើនក្នុងការដណ្ដើមមេដាយជាងក្រុមបាល់ទាត់បុរស បើសិនពួកគេទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ។
  
ថ្លែងទៅកាន់លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC ក្នុងកិច្ចប្រជុំរាយការណ៍អំពីបញ្ហាប្រឈមនានារបស់សហព័ន្ធ នៅទីស្នាក់ការ NOCC កាលពីព្រឹកមិញ លោក ម៉ៃ តុលា បានថ្លែងថា បច្ចុប្បន្នសហព័ន្ធកីឡាបាល់ទាត់កម្ពុជា កំពុងអនុវត្តផែនការច្បាស់លាស់ តាមរយៈការបណ្ដុះបណ្ដាលថ្នាលយុវជន និងនារី ដើម្បីសម្រួចទិសដៅស៊ីហ្គេម ឆ្នាំ២០២៣ ។ ជាក់ស្ដែងក្រុមបាល់ទាត់ជម្រើសជាតិផ្នែកបុរស ក៏បានបង្ហាញពីភាពរីកចម្រើនគួរឲ្យកត់សម្គាល់លើឆាកអន្ដរជាតិផងដែរ ។ ប៉ុន្ដែបើក្រឡេកមើលសក្ដានុពលក្រុមបាល់ទាត់ជម្រើសជាតិនារី ទោះបីមិនសូវមានសកម្មភាពក្ដី ប៉ុន្ដែបាល់ទាត់នារីកម្ពុជា មានលទ្ធភាពខ្ពស់ក្នុងការដណ្ដើមមេដាយស៊ីហ្គេម ឆ្នាំ២០២៣ ដោយសារគូប្រជែងក្នុងតំបន់មិនសូវមានច្រើន ពោលគឺមានត្រឹមវៀតណាម ថៃ និងមីយ៉ាន់ម៉ាប៉ុណ្ណោះ ដូច្នេះកម្ពុជាអាចឈានទៅប្រជែងកៅអី ៤ក្រុមចុងក្រោយបាន ។
ទន្ទឹមនឹងការអះអាងដូច្នេះ លោកបានលើកសំណើរមួយទៅប្រមុខ NOCC ក៏ដូចជាក្រសួងអប់រំ ដើម្បីសម្រួចគោលដៅរបស់ខ្លួន គឺការយកចិត្តទុកដាក់ និងផ្ដល់ឱកាសជាអាទិភាពដល់ក្រុមបាល់ទាត់នារី ។ លោកបន្ដថា ក្រុមបាល់ទាត់នារី មានអាទិភាពស្វែងរកមេដាយជូនជាតិ ប៉ុន្ដែមានបញ្ហារាំងស្ទះមួយដែលស្ថាប័នថ្នាក់ដឹកនាំពិសេស NOCC និងក្រសួងអប់រំ ត្រូវដោះស្រាយ បើសិនកំណត់វិញ្ញាសាបាល់ទាត់នារីក្នុងស៊ីហ្គេម ឆ្នាំ២០២៣ ។ លោកបានថា បាល់ទាត់នារី មានបញ្ហាប្រឈមក្នុងការបណ្ដុះបណ្ដាលធនធាន ព្រោះពួកគេហាត់បានត្រឹមអាយុ ១៦ឆ្នាំ ទៅ ១៧ឆ្នាំ ចាប់ផ្ដើមឈប់ហើយ ។ ដូច្នេះលោកបានស្នើរដល់ស្ថាប័នអាណាព្យាបាលទាំងពីរពិចារណាក្នុងការផ្ដល់ការងារក្របខណ្ឌរដ្ឋដល់ពួកគេដើម្បីធ្វើឲ្យពួកគេមានភាពកក់ក្តៅក្នុងការហ្វឹកហាត់ និងឈានទៅប្រកួតប្រជែងដណ្ដើមមេដាយជូនជាតិ ៕
អត្ថបទ៖ បុត្រា

មតិយោបល់