ម្ចាស់ក្លឹប Buriram ដាក់គោលដៅ ៥ឆ្នាំទៀតរើសតែកីឡាករមានកំណើតក្នុងខេត្ត ឬមានប្រភពពី Buriram Academy!

នូ មករា December 5, 2017


ថៃ៖ លោក Newin Chidchob ម្ចាស់ក្លឹប Buriram United ដែលជាក្លឹបបាល់ទាត់ដ៏ធំ និងជោគជ័យជាងគេមួយនៅក្នុងប្រទេសថៃ បានប្រកាសឱ្យដឹងថា សម្រាប់រយៈពេល ៥ឆ្នាំទៅមុខទៀតក្លឹបបាល់ទាត់របស់លោកនឹងអនុវត្តនូវលក្ខខណ្ឌជ្រើសរើសថ្មីពិសេសមួយក្នុងគោលដៅដើម្បីផ្តល់អាទិភាពដល់កីឡាករវ័យក្មេង ឬកីឡាករដែលមានកំណើតនៅក្នុងខេត្ត Buriram ផ្ទាល់តែម្តង ។

អតីតអ្នកនយោបាយដ៏មានឥទ្ធិពលក្នុងតំបន់ឥសានរបស់ប្រទេសថៃរូបនេះបានថ្លែងនៅក្នុងកិច្ចសំភាន៍របស់ស្ថានីយ៍ទូទស្សន៍ True Sport 2 ថា៖ «បាល់ទាត់មិនអាចរស់រានបានតាមរយៈភាពខ្លាំងក្លានៃអតីតកាលឡើយ! វាអាស្រ័យលើអ្វីដែលយើងបានធ្វើនាពេលបច្ចុប្បន្ន ហើយសូម្បីតែការចូលលេងរបស់កីឡាករណាមួយក៏មិនអាចធ្វើដើម្បីបំពេញចិត្តនរណាម្នាក់ឡើយ ពោលគឺអាស្រ័យលើកត្តាបច្ចេកទេស ដោយមិនសំអាងថា អ្នកជាកីឡាករជម្រើសជាតិនោះទេ ព្រោះបើអ្នកលេងមិនល្អ ឬមានរបួសគេក៏ទុកនៅកៅអីបម្រុង ឬបានត្រឹមអង្គុយមើលក្រៅទីលានអុីចឹងទៅ!»

លោកបានបន្ថែមថា៖ «អ្នកគាំទ្រតែងតែចោទសួរថា ម្តេចក្លឹបមិននាំចូលកីឡាករនេះ មិនទិញកីឡាករនោះជាដើម ប៉ុន្តែខ្ញុំសូមបញ្ជាក់ថា លទ្ធផលចុងក្រោយនឹងបង្ហាញពីចម្លើយពិតមិនខាន ជាក់ស្តែងនៅក្នុងឆ្នាំនេះ យើងបានទទួលផលយ៉ាងមហិមា ព្រោះកីឡាករវ័យក្មេងមកពីថ្នាលយុវជនបានរួមចំណែកជួយឱ្យក្រុមឈុតធំកាន់តែខ្លាំងថែមទៀត ដូច្នេះខ្ញុំសូមបញ្ជាក់ថា ៥ឆ្នាំទៅមុខទៀតក្រៅពីកូតាកីឡាករបរទេស នៅក្នុងក្រុមឈុតធំរបស់យើងនឹងផ្តោតជាសំខាន់លើ ២ចំនុច គឺទី១- ជាកីឡាករដែលមានកំណើតក្នុងខេត្តបុរីរាំុ (Buriram) ផ្ទាល់ និងទី២- មានប្រភពមកពីក្រុមថ្នាលយុវជនរបស់ក្លឹបបុរីរាុំ (Buriram Academy) ។»

ជាមួយគ្នានេះលោក Newin Chidchob ក៏បានស្នើរសុំឱ្យអ្នកគាំទ្រក្លឹបយោគយល់ចំពោះការអនុវត្តលក្ខខណ្ឌនេះព្រោះលោកយល់ថា កីឡាករដែលមានដើមកំណើតនៅក្នុងខេត្ត ឬមានប្រភពពីក្រុមថ្នាលយុវជន Buriram មានសមត្ថភាពល្អ និងមានប្រវត្តិជួយក្រុមដទៃឱ្យទទួលបានជោគជ័យជាច្រើនមកហើយ ។ លោកក៏បានបន្ថែមដែរថា មូលហេតុមួយទៀតដែលនាំឱ្យលោកសម្រេចជ្រើសរើសគោលការណ៍នេះ គឺដោយហេតុថា ការនាំចូលកីឡាករមកពីក្លឹបដទៃច្រើនជួបប្រទះនូវបញ្ហាវិន័យ និងមិនសូវជាគិតទៅដល់កិត្តិយស ឬមោទកភាពរបស់ខេត្ត Buriram នោះទេ ។

គួររំលឹកដែរថា កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ កន្លងទៅ ក្លឹប Buriram United របស់ថៃ បានចុះអនុស្សារណៈយោគយល់គ្នា (MOU) ជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោនរបស់កម្ពុជា អំពីកិច្ចសហការប្រតិបត្តិការលើគម្រោងអភិវឌ្ឍន៍យុវជន និងក្លឹបភ្នំពេញក្រោនរយៈពេល ៦ឆ្នាំ ចាប់ពីឆ្នាំ២០១៧ រហូតដល់ឆ្នាំ២០២២ ។ អនុស្សារណៈយោគយល់គ្នានេះ គឺផ្ដោតសំខាន់លើគោលបំណងធំៗ ២យ៉ាង ទី១៖ ក្លឹប Buriram United បានឯកភាពគ្នាចំពោះការអភិវឌ្ឍន៍យុវជនរបស់ដល់ក្លឹបភ្នំពេញក្រោន រួមមានផ្ដល់ឱកាសឲ្យកីឡាករយុវជនភ្នំពេញក្រោន ៨នាក់ ចាប់ពីអាយុ U-11, U-13, U-15 និង U-17 ចូលរួមហ្វឹកហាត់ជាមួយថ្នាលយុវជននៃក្លឹប Buriram ខណៈក្លឹបលីគកំពូលថៃនេះ រ៉ាប់រងលើការចំណាយទាំងស្រុង ។ មួយទៀត យុវជនភ្នំពេញក្រោន ក៏ទទួលបានសិទ្ធិអនុគ្រោះ ដើម្បីចូលរួមការប្រកួតផ្សេងៗ ដែលរៀបចំដោយក្លឹប Buriram ទៀតផង ។ ទី២៖ ក្លឹបភ្នំពេញក្រោន អាចបោះជំរុំហ្វឹកហាត់នៅកីឡដ្ឋានរបស់ក្លឹប Buriram United បានគ្រប់ពេលក្នុងរយៈពេលនៃការចុះ MOU នេះ ៕

អត្ថបទ៖ មករា

ប្រភព៖ Thai League World, True Sport 2

 

មតិយោបល់