កីឡាករបរទេស ៣រូបសម្រេចចាកចេញពីក្លឹបភ្នំពេញក្រោន

នូ មករា December 5, 2017


ភ្នំពេញ៖ យោងតាមការបញ្ជាក់ពីថ្នាក់ដឹកនាំក្លឹបបាល់ទាត់ភ្នំពេញក្រោន បានឱ្យដឹងថា បន្ទាប់ពីបានបញ្ចប់រដូវកាលឆ្នាំ២០១៧ នេះរួចមក កីឡាករបរទេស ៣រូបបានសម្រេចចាកចេញពីក្លឹបជើងឯក ៦សម័យកាលនេះហើយដែលក្នុងនោះរួមមានខ្សែការពារជនជាតិបារាំង Anthony Aymard, ខ្សែប្រយុទ្ធកូរ៉េខាងត្បូង Gi Sung Yeon និងខ្សែបម្រើជនជាតិជប៉ុន Suzuki Yuta ។ យ៉ាងណាក៏ដោយគេនៅមិនទាន់ដឹងនៅឡើយទេថា តើពួកគេនឹងបន្តអាជីពបាល់ទាត់នៅក្នុងប្រទេសកម្ពុជាបន្តទៀត ឬវិលត្រលប់ទៅកាន់ស្រុកកំណើត ឬទៅចូលរួមជាមួយក្លឹបក្រៅស្រុកណាមួយ?

ជាមួយគ្នានេះ ភាគីក្លឹបក៏មិនទាន់ប្រកាសឱ្យដឹងពីបំណងនាំចូលកីឡាករបរទេសបន្ថែមទៀតឬយ៉ាងណា ខណៈដែលគិតមកដល់ពេលនេះកីឡាករបរទេសនៅសល់តែខ្សែប្រយុទ្ធអាហ្វ្រិកខាងត្បូង Shane Booysen តែម្នាក់ប៉ុនណោះ ចំណែកឯការចាប់ផ្តើមរដូវកាលថ្មី២០១៨ ក៏នៅសល់រយៈពេលវែងនៅឡើយ ។  សូមបញ្ជាក់ដែរថា ក្លឹបបាល់ទាត់ដ៏ជោគជ័យ និងមានភាពលេចធ្លោលើការបណ្តុះបណ្តាលកីឡាករវ័យក្មេងក្នុងស្រុកនេះមិនទទួលបានលទ្ធផលល្អនោះទេនា ២រដូវកាលចុងក្រោយនេះ ដោយបានបាត់បង់ឱកាសជាបន្តបន្ទាប់ទាំងក្នុងពានសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាក្នុងលីគកំពូលកម្ពុជា ។

យ៉ាងណាក៏ដោយ បើតាមការអះអាងរបស់លោកឧកញ៉ាឬទ្ធី សំណាង ដែលជាប្រធានក្លឹបនាពេលកន្លងមក បានឱ្យដឹងថា ជាគោលដៅរួមគឺក្លឹបមានបំណងពង្រឹងសមត្ថភាពកីឡាករក្នុងស្រុក ជាពិសេសថ្នាលយុវជនដើម្បីឱ្យពួកគេទទួលបានបទពិសោធឱ្យបានច្រើននៅក្នុងការប្រកួតប្រជែងធំៗសម្រាប់ជាទុននៅក្នុងការក្លាយខ្លួនជាកីឡាករបាល់ទាត់អាជីពទាំងកម្រិតក្លឹប ជម្រើសជាតិ និងក្របខណ្ឌក្រៅស្រុកផងដែរ ៕

អត្ថបទ៖ មករា

មតិយោបល់