បឹងកេត ឡើងទៅលេងពាន Mekong Cup ក្រោយភ្នំពេញក្រោន ផ្ដួល ស្វាយរៀង ២-១

នូ មករា December 2, 2017


ភ្នំពេញ៖ ជំនួបដ៏កក្រើករវាងក្រុមភ្នំពេញក្រោន និងក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ដែលជាការប្រកួតបញ្ចប់វគ្គសន្សំពិន្ទុជើងទី២ នៃលីគកំពូលកម្ពុជា បានបញ្ចប់ហើយ ដោយជ័យជម្នះបានទៅអតីតក្រុមជើងឯក ៦សម័យកាលភ្នំពេញក្រោន ជាមួយនឹងលទ្ធផល ២-១ ដែលជ័យជម្នះនេះ បានធ្វើឲ្យក្រុមព្រះខ័នរាជស្វាយរៀង របូតឱកាសទៅលេងពាន Toyota Mekong Cup 2017 ហើយជំនួសវិញដោយក្រុមបឹងកេតអែហ្វស៊ី បន្ទាប់ពីក្រុមមានមូលដ្ឋានមកពីខេត្តកំពង់ចាមនេះ បានយកឈ្នះក្រុមអាស៊ីអឺរ៉ុប ៤-៣ មុននេះបន្ដិច ។

ការប្រកួតដ៏តានតឹងរវាងភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀងតង់ទី១ ក្រុមទាំងពីរមិនអាចបំប៉ោងសំណាញ់ទីគ្នាបានឡើយ ។ លុះចូលតង់ទី២ កីឡាករ Booysen shane បានបំបែកពងមាន់ក្រុមម្ចាស់ផ្ទះមុន នៅនាទី៦៨ មុននឹងកីឡាករ គីម ណាមគុន វាយបកតាមស្មើ ១-១ ត្រឹមនាទី៧៦ ។ តែក្រោយការផ្លាស់ប្ដូរចូលភ្លាមរបស់សមាជិកថ្មីភ្នំពេញក្រោនកីឡាករ ម៉ៅ ពិសិដ្ឋ ខ្សែប្រយុទ្ធវ័យក្មេងរូបនេះ បានបំប៉ោងសំណាញ់ទីក្រុមព្រះខ័នរាជស្វាយរៀង ១គ្រាប់ទៀត ដើម្បីបញ្ចប់ក្ដីស្រមៃក្រុមលោក សំ វ៉ាន់ដេត តែម្ដង ក្រោយចប់ការប្រកួតពេញម៉ោង ៩០នាទីភ្នំពេញក្រោន ឈ្នះព្រះខ័នរាជស្វាយរៀង ២-១ ។

ដោយឡែកក្រុមបឹងកេត បានលត់ក្រុមអាស៊ីអឺរ៉ុប ៤-៣ នៅកីឡដ្ឋានស្ដាតចាស់ ដែលការរកបាន ៣ពិន្ទុនេះ បានធ្វើជួយឲ្យក្រុមបឹងកេត បំបែកកំណត់ត្រាឡើងឈរកំពូលតារាង និងមាន ៤៨ពិន្ទុ ដើម្បីទទួលបានសិទ្ធិចូលរួមប្រកួតពាននរង្វាន់ Toyota Mekong Cup 2017 ខណៈក្រុមព្រះខ័នរាជស្វាយរៀង ដែលបានឈរតំណែងកំពូលតារាងត្រឹមសប្ដាហ៍ទី២១ ត្រូវបានធ្លាក់មកឈរលេខ២ ដោយរក្សា ៤៦ពិន្ទដដែល ក្រោយការបរាជ័យក្នុងសប្ដាហ៍ទី២២ ក្រោមថ្វីជើងក្រុមភ្នំពេញក្រោនខាងលើ ។ រីឯក្រុមណាហ្គាវើល បានឈរលេខ៣ និងមាន ៤៥ពិន្ទុ ក្រោយប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ Cambodian Tiger ២-១ កាលពីល្ងាចមិញផងដែរ ៕

អត្ថបទ៖ បុត្រា

មតិយោបល់