លីគកំពូលកម្ពុជា៖ ថ្ងៃនេះប៉ូលិស ប៉ះទ័ព ប៉ុន្តែគូពិសេសប្រកួតនៅថ្ងៃស្អែក!

នូ មករា December 1, 2017


ភ្នំពេញ៖ ជំនួបជើងទី២ រវាងក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ(ប៉ូលិស) និងក្រុមក្រសួងការពារជាតិ(ទ័ព) ដែលគ្រោងធ្វើឡើងនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ត្រូវបានលើកមកប្រកួតនាល្ងាចថ្ងៃទី០១ ខែធ្នូនេះវិញហើយ ។ នេះបើយោងតាមកម្មវិធីប្រកួតរបស់គណៈកម្មការប្រកួតបាល់ទាត់ជាតិ(CNCC) ប៉ុន្ដែបើនិយាយការប្រកួតគូពិសេសៗវិញ នឹងមាននៅថ្ងៃស្អែក ដោយគូឯកគឺជាជំនួបរវាងក្រុមព្រះខ័នរាជស្វាយរៀង និងក្រុមភ្នំពេញក្រោន នៅកីឡដ្ឋានខេត្តស្វាយរៀង ។

នេះគឺជាសប្ដាហ៍ចុងក្រោយ នៃការប្រកួតសន្សំពិន្ទុជើងទី២ ដើម្បីស្វែងរកក្រុមកំពូលតារាង ដែលត្រូវឈរចាំប្រកួតវគ្គផ្ដាច់ព្រ័ត្រ ក៏ដូចជាចូលរួមប្រកួតពានរង្វាន់ TOYOTA Mekong Cup 2017 ផងដែរ ។ ប៉ុន្ដែគូសំខាន់ប្រចាំសប្ដាហ៍ចុងក្រោយនេះ គឺក្រុមព្រះខ័នរាជស្វាយរៀង ប៉ះក្រុមភ្នំពេញក្រោន ។ ការប្រកួតនេះពិតជាសំខាន់ សម្រាប់ក្រុមម្ចាស់ផ្ទះ ដែលត្រូវការ ៣ពិន្ទុដាច់ខាតពីក្រុមភ្នំពេញក្រោន ដើម្បីធានាកៅអីកំពូលតារាង និងបានទៅលេងពានបាល់ទាត់ប្រទេសតាមដងទន្លេមេគង្គខាងលើ ។ បច្ចុប្បន្នព្រះខ័នរាជស្វាយរៀង កំពុងឈរកំពូលតារាងមាន ៤៦ពិន្ទុ ដែលនាំមុខគូប្រជែង ក្រុមបឹងកេតអែហ្វស៊ី និងក្រុមណាហ្គាវើលតែ ១ពិន្ទុប៉ុណ្ណោះ ។

បើក្រឡេកមើលលទ្ធផលជួបគ្នាកាលពីជើងទី១ ជាមួយភ្នំពេញក្រោន ក្រុមដឹកនាំដោយលោក សំ វ៉ាន់ដេត នេះបានយកឈ្នះអតីតក្រុមជើងឯក ៦សម័យកាលក្រោន ១-០ ។ តែជំនួបជើងទី២ ស្អែកនេះ ថ្វីបើភ្នំពេញក្រោនអស់ឱកាសឡើងវគ្គបន្ដ ប៉ុន្ដែថ្នាក់ដឹកនាំ បានប្ដេជ្ញាសងសឹកក្រុមព្រះខ័នរាជស្វាយរៀងវិញ ដែលអាចនឹងធ្វើឲ្យក្រុមម្ចាស់ផ្ទះជួបការលំបាកខ្លាំង ស្របពេលខ្លួនកំពុងចង់ឈ្នះនោះ ។ ដោយឡែកកម្មវិធីប្រកួតថ្ងៃទី០២ ខែធ្នូស្អែកនេះ ២គូផ្សេងទៀត ក៏ជាគូពិសេសដែរ ដូចជាក្រុមបឹងកេត ត្រូវជួបក្រុមអាស៊ីអឺរ៉ុប នៅកីឡដ្ឋានស្ដាតចាស់ និងក្រុមណាហ្គាវើល ជួបក្រុមម្ចាស់ផ្ទះ Cambodian Tiger នៅកីឡដ្ឋានខេត្តសៀមរាប ដោយក្រុមណាហ្គាវើល និងបឹងកេត សុទ្ធតែត្រូវការឈ្នះដូចគ្នា ដើម្បីប្រជែងកៅអីកំពូលតារាងជាមួយក្រុមព្រះខ័នរាជស្វាយរៀង ៕

អត្ថបទ៖ បុត្រា

មតិយោបល់