ពានសម្តេចហ៊ុន សែន៖ ក្លឹប EDC គ្រោងស្នើរ CNCC ប្ដូរទីលានប្រកួតជើងទី២ ជាមួយស្វាយរៀង

នូ មករា November 30, 2017


ភ្នំពេញ៖ បន្ទាប់ពីប្រកួតស្មើក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ២-២ ក្នុងជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Hun Sen Cup ជើងទី១ កាលពីយប់មិញ លោក ប្រាក់ វុទ្ធី គ្រូបង្វឹកក្រុមអគ្គិសនីកម្ពុជា បាននឹងកំពុងពិភាក្សាជាមួយថ្នាក់ដឹកនាំក្លឹបខ្លួន លើគម្រោងស្នើរគណៈកម្មការប្រកួតបាល់ទាត់ជាតិ (CNCC) នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដើម្បីប្ដូរទីលានប្រកួតជើងទី២ ជាមួយអតីតក្រុមជើងឯក ៣សម័យកាលមួយនេះ ។

លោក ប្រាក់ វុទ្ធី បានលើកឡើងថា ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី២ ដែលគ្រោងធ្វើនៅថ្ងៃទី១៣ ខែធ្នូខាងមុខ គឺមិនប្ដូរទីលាននោះទេ ដោយសារតាមគម្រោងក្រុមបឹងកេត និងណាហ្គាវើល ត្រូវប្រើទីលានពហុកីឡដ្ឋានជាតិរួម គ្រាដែលក្រុមអគ្គិសនីកម្ពុជា ស្ថិតក្នុងលក្ខខណ្ឌខ្ចីកីឡដ្ឋានខេត្តស្វាយរៀង របស់ក្រុមព្រះខ័នរាជស្វាយរៀង ធ្វើជាទឹកដី ។ ដូច្នេះដើម្បីទទួលបានផលចំណេញរៀងៗខ្លួន លោកមានគម្រោងចង់ស្នើទៅ CNCC ដោយជើងទី២ ប្ដូរជំនួបបឹងកេត និងណាហ្គាវើល ទៅកីឡដ្ឋានខេត្តស្វាយរៀង ហើយអគ្គិសនីកម្ពុជា ជួបព្រះខ័នរាជស្វាយរៀង ប្ដូរមកប្រកួតលើទីលានពហុកីឡដ្ឋានជាតិវិញ ។ ់

ប៉ុន្ដែយ៉ាងណាសំណើរមួយនេះ អាចនឹងមានការពិបាក ព្រោះត្រូវការការឯកភាពពីក្រុមទាំង ៤ សិន ។ តែលោកពិតជាចង់បានបែបនេះ ដោយសារការប្រកួតវគ្គដ៏សំខាន់ បែរជាធ្វើនៅកន្លែងដដែល ។ ម្យ៉ាងវិញទៀត បងប្រុសបង្កើតលោក ប្រាក់ សុវណ្ណារ៉ា បាននិយាយត្រង់ៗថា ការប្រកួតលើទឹកដីខេត្តស្វាយរៀងដដែល ក៏អាចផ្ដល់នូវការខាតបង់ ចំពោះក្រុមខ្លួន ដែលពុំសូវមានឱកាសហ្វឹកហាត់ និងប្រើប្រាស់កីឡដ្ឋានខេត្តស្វាយរៀងនោះដែរ ពោលគឺដល់ថ្ងៃប្រកួតតែម្ដង ។ ដូច្នេះលោកនឹងពិចារណាលើសំណើរនេះជាមួយថ្នាក់ដឹកនាំក្លឹប ប៉ុន្ដែលទ្ធផលយ៉ាងណានៅមិនទាន់ច្បាស់នោះទេ ។

សូមបញ្ជាក់ថា ក្រោយបញ្ចប់ការប្រកួតជើងទី១ យប់មិញ ក្រុមព្រះខ័នរាជស្វាយរៀង និងក្រុមអគ្គិសនីកម្ពុជា នៅមិនទាន់រកបានគ្រាប់បាល់ចំណេញនោះទេ ក្រោយប្រកួតពេញម៉ោងស្មើគ្នា ២-២ ដូច្នេះជំនួបជើងទី២ គឺជាការប្រកួតកាត់សេចក្ដីតែម្ដង ។ ចំណែកមួយគូទៀត គឺក្រុមបឹងកេត និងណាហ្គាវើល ពេលនេះណាហ្គាវើល កំពុងមានគ្រាប់បាល់ចំណេញ ១គ្រាប់ ពីការយកឈ្នះក្រុមបឹងកេត ១-០ ហេតុនេះជើងទី២ ក្រុមណាហ្គាវើល ត្រូវការត្រឹមស្មើគ្នាប៉ុណ្ណោះ ដើម្បីវគ្គផ្ដាច់ព្រ័ត្រ ខណៈក្រុមបឹងកេត បើចង់ទម្លាក់ក្រុមលោក មាស ចាន់ណា លុះត្រាតែរកបានជ័យជម្នះលើសពី ២គ្រាប់នៅជើងទី២ ៕

អត្ថបទ៖ បុត្រា

មតិយោបល់