Hun Sen Cup៖ ជើងទី១ ស្វាយរៀង វាយបកស្មើ EDC ខណៈណាហ្គា យកឈ្នះ បឹងកេត ១-០

នូ មករា November 30, 2017


ភ្នំពេញ៖ សម្រាប់លទ្ធផលប្រកួតជើងទី១ នៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup 2017 បានបញ្ចប់ដោយឈ្នះ ១គូ និងស្មើគ្នា ១គូ ក្នុងនោះក្រុមខ្លាំងព្រះខ័នរាជស្វាយរៀង បានវាយបកតាមស្មើក្រុមភ្ញៀវអគ្គិសនីកម្ពុជា (EDC) ដោយលទ្ធផល ២-២ និងក្រុមណាហ្គាវើល បានយកឈ្នះក្រុមបឹងកេត ដោយលទ្ធផល ១-០ ។
 
ចំពោះការជួបគ្នារវាងក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង និងក្រុមអគ្គិសនីកម្ពុជា បានធ្វើអ្នកគាំទ្រជក់ចិត្តជាខ្លាំង ពិសេសបន្ទាប់ពីក្រុមក្មេងខ្ចី EDC បានបំបែកពងមាន់មុន ២គ្រាប់នៅវគ្គទី១ ដោយកីឡាករ ម៉ាត់ ណូរុន ដែលធ្វើឲ្យក្រុមម្ចាស់ផ្ទះមានសម្ពាធ ។ តែយ៉ាងណាព្រះខ័នរាជស្វាយរៀង បានវាយតាមស្មើវិញ នៅវគ្គទី២ ដែលធ្វើសម្រេចដោយកីឡាករ សុក សំណាង និងមិត្តរួមក្រុម លី សារ័ត្ន ។
ដោយឡែកជំនួបរវាងក្រុមណាហ្គាវើល និងបឹងកេត គឺកីឡាករ ញឹម សុវណ្ណារ៉ា បានបំប៉ោងសំណាញ់ទីក្រុមបឹងកេទាំងព្រឹកត្រឹមនាទីទី៣ ហើយក៏ជាគ្រាប់បាល់ជ័យជម្នះផងដែរ បន្ទាប់ពីក្រុមទាំងពីរបន្ដសម្រុកនា ៨៧នាទីចុងក្រោយ តែមិនអាចបំប៉ោងសំណាញ់ទីបន្ដបាន ។ ជ័យជម្នះនេះ បានធ្វើឲ្យក្រុមណាហ្គាវើលមានគ្រាប់បាល់ចំណេញ ១គ្រាប់ ដែលមានប្រៀបលើបឹងកេត ព្រោះពួកគេត្រូវការត្រឹមស្មើនៅជើងទី២ ប៉ុណ្ណោះ ដើម្បីឈានទៅវគ្គផ្ដាច់ព្រ័ត្រ ។
ចំពោះកម្មវិធីប្រកួតជើងទី២ គឺគ្រោងធ្វើឡើងនៅថ្ងៃទី១៣ ខែធ្នូខាងមុខ ហើយជាបណ្ដោះអាសន្នទីលាន និងពេលវេលាប្រកួតត្រូវរក្សានៅដដែល ព្រោះក្រុមបឹងកេត និងណាហ្គាវើល ត្រូវប្រើពហុកីឡដ្ឋានជាតិរួមគ្នា ខណៈកីឡដ្ឋានខេត្តស្វាយរៀងរបស់ក្រុមព្រះខ័នរាជស្វាយរៀង ក៏ជាចំណែកខ្ចីធ្វើទឹកដីរបស់ក្រុមអគ្គិសនីកម្ពុជាផងដែរ ។ ប៉ុន្ដែប្រសិនបើមានការផ្លាស់ប្ដូរបែបណា ក្រុមការងារយើងខ្ញុំនឹងជម្រាបជូនតាមក្រោយ ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់