គ្រូបង្វឹក EDC និយាយអ្វីខ្លះពី ធារី ចន្ថាប៊ីន ខណៈលេចលឺព័ត៌មានធ្វើតេស្ដនៅក្លឹបលីគម៉ាឡេស៊ី?

នូ មករា November 29, 2017


ភ្នំពេញ៖ កាលពីប៉ុន្មានថ្ងៃមុននេះ គ្រូបង្វឹកក្រុមអគ្គិសនីកម្ពុជា(EDC) លោក ប្រាក់ វុទ្ធី បានអះអាងថា ធារី ចន្ថាប៊ីន បានចាកចេញកម្ពុជាហើយដើម្បីទៅមើលម្ដាយឈឺនៅស្រុកកំណើត(ប្រទេសបារាំង) ដោយមិនត្រឡប់មកជួយក្រុមនាចុងរដូវកាលវិញឡើយ ។ ប៉ុន្ដែកាលពីម្សិលមិញ មានព័ត៌មាន ២ បានលេចលឺដំណាលគ្នាជុំវិញខ្សែបម្រើកូនកាត់ខ្មែរ-បារាំងរូបនេះ ដោយប្រភពទាំងនោះបានលើកឡើងថា រូបគេគ្រោងត្រឡប់មកជួយក្រុម EDC វិញ និងមួយទៀតថា បច្ចុប្បន្ន ធារី កំពុងធ្វើតេស្ដសមត្ថភាពជាមួយក្លឹបថ្មីនៃលីគម៉ាឡេស៊ី ។
ជុំវិញព័ត៌មានខាងលើលោក ប្រាក់ វុទ្ធី បានបកស្រាយកាលពីព្រឹកមិញថា ក្លឹបអគ្គិសនីកម្ពុជា មិនទទួលបានដំណឹងច្បាស់រឿង ធារី ចន្ថាប៊ីន ត្រឡប់មកជួយក្រុមវិញ ឬក៏កំពុងធ្វើតេស្ដជាមួយក្លឹបលីកកំពូលម៉ាឡេស៊ីនោះទេ ព្រោះតាំងពីគេចាកចេញទៅក្លឹបមិនដែលមានទំនាក់ទំនងអ្វីជាមួយ ធារី ឡើយ ដោយគ្រាន់តែដឹងថា អតីតកីឡាករក្លឹបភ្នំពេញក្រោនរូបនេះ បានសុំទៅលេងស្រុកដើម្បីមើលម្ដាយកំពុងឈឺនៅបារាំង ហើយសុំសម្រាករហូតដល់ចប់រដូវកាលតែម្ដង ។
សូមបញ្ជាក់ថា ធារី ចន្ថាប៊ីន បានចាកចេញពីក្លឹបអគ្គិសនីកម្ពុជា តាំងពីក្រោយចប់ការប្រកួតជើងទី១ ក្នុងវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់ Hun Sen Cup ជាមួយក្រុមប៉ូលិសមកម្ល៉េះ។ ការបាត់បង់ខ្សែបម្រើកណ្ដាលនេះបានធ្វើឲ្យលោក ប្រាក់ វុទ្ធី មានការសោកស្ដាយ ព្រោះលោកបានចាត់ទុក ធារី គឺជាកម្លាំងដ៏សំខាន់ ដើម្បីជួយក្រុមស្វែងរកលទ្ធផលល្អក្នុងការប្រកួតទាំងពាន Hun Sen Cup និងលីគកំពូលកម្ពុជា នាចុងរដូវកាល ឆ្នាំ២០១៧នេះ ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់