លោក សំ វ៉ាន់ដេត៖ អតីតកីឡាករស្វាយរៀង អាចជួយ EDC បង្កគ្រោះថ្នាក់ដល់ក្រុមខ្លួនបាន

នូ មករា November 29, 2017


ភ្នំពេញ៖ លោក សំ វ៉ាន់ដេត គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានត្រៀមខ្លួនយ៉ាងរឹងមាំ ដើម្បីបើកទ្វារកីឡដ្ឋានខេត្តស្វាយរៀងទទួលក្រុមអគ្គិសនីកម្ពុជា (EDC) ល្ងាចនេះ ក្នុងជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup 2017 ដោយមិនមើលស្រាល ឬធ្វេសប្រហែស ចំពោះក្រុមក្មេងខ្ចីនេះឡើយ ទោះបីកីឡាករឆ្នើមៗរបស់ EDC មួយចំនួន មានប្រភពចេញពីក្លឹបព្រះខ័នរាជស្វាយរៀងក៏ដោយ ។

លោកលើកឡើងថា ទោះបីកីឡាករសំខាន់ៗ មួយចំនួនរបស់ EDC ពិសេសខ្សែប្រយុទ្ធ ផាន់នី អ៊ីរដ្ឋា ដែលជាអតីតកូនក្រុមខ្លួនពិតមែន ប៉ុន្ដែពួកគេអាចជួយក្រុមលោក ប្រាក់ វុទ្ធី បង្កការគ្រោះថ្នាក់ដល់ក្រុមព្រះខ័នរាជស្វាយរៀងបាន ។ ម្យ៉ាងឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្រុមនីមួយៗ សុទ្ធតែជាក្រុមខ្លាំង និងត្រៀមខ្លួនបានល្អដូចគ្នា ដើម្បីប្រជែងកៅអីវគ្គផ្ដាច់ព្រ័ត្រ ដូច្នេះលោកបានក្រើនរំឮកកូនក្រុមមិនអាចធ្វេសប្រហែស ចំពោះការប្រកួតដ៏សំខាន់នេះបានឡើយ ។

សូមបញ្ជាក់ថា នាវេលាម៉ោង ៦ល្ងាចនេះ ក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបប្រកួតជើងទី១ ជាមួយក្រុមអគ្គិសនីកម្ពុជា ហើយនៅម៉ោងដដែល ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា ក្រុមបឹងកេតអែហ្វស៊ី ក៏ត្រូវជួបក្រុមណាហ្គាវើលផងដែរ ដែលការប្រកួតនេះ នឹងមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV-News ៕

អត្ថបទ៖ បុត្រា

មតិយោបល់