វគ្គ ១/២ផ្ដាច់ព្រ័ត្រពាន Hun Sen Cup នឹងចាប់ផ្ដើមប្រកួតម៉ោង ៦ល្ងាចដូចគ្នាស្អែកនេះ!

នូ មករា November 28, 2017


ភ្នំពេញ៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup រដូវកាលទី១១ នឹងឈានដល់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅថ្ងៃទី២៩ ខែវិច្ឆិកាស្អែកនេះហើយ ដោយការប្រកួតទាំង ២គូ គ្រោងចាប់ផ្ដើមក្នុងម៉ោងដំណាលគ្នា នាវេលាម៉ោង ៦ល្ងាច ដើម្បីស្វែងរកជ័យជម្នះក្នុងជើងទី១ មុនឈានទៅប្រកួតកាត់សេចក្ដីជើងទី២ នាសប្ដាហ៍ក្រោយ ។
សម្រាប់កម្មវិធីប្រកួតជើងទី១ ក្រុមបឹងកេត ត្រូវបើកទ្វារពហុកីឡដ្ឋានជាតិទទួលក្រុមណាហ្គាវើល ខណៈក្រុមព្រះខ័នរាជស្វាយរៀង ប៉ះក្រុមអគ្គិសនីកម្ពុជាលើទឹកដីខ្លួន ។ ប៉ុន្ដែជើងទី២ ទីលានប្រកួតមិនមានការផ្លាស់ប្ដូរទេ ដោយសារបឹងកេត និងណាហ្គាវើល សុទ្ធតែខ្ចីពហុកីឡដ្ឋានជាតិធ្វើទឹកដី ខណៈក្រុមអគ្គិសនីកម្ពុជា បានខ្ចីកីឡដ្ឋានខេត្តស្វាយរៀងធ្វើទឹកដី ដូច្នេះការប្រកួតជើងទី២ នឹងរក្សាម៉ោង និងទីលានប្រកួតដដែល ។
សូមបញ្ជាក់ថា មុនឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រុមខ្លាំងខាងលើ បានទម្លាក់ក្រុមសមាជិកលីគកំពូលកម្ពុជា ៤ក្រុមផ្សេងទៀត ក្នុងនោះក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមក្រសួងការពារជាតិ ២ជើង ៤-១, ក្រុមបឹងកេត យកឈ្នះក្រុមគិរីវង់សុខសែនជ័យ ២ជើង ៤-២, ក្រុមណាហ្គាវើល យកឈ្នះក្រុមភ្នំពេញក្រោន ២ជើង ៣-១ និងក្រុមអគ្គិសនីកម្ពុជា បានយកឈ្នះក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ២ជើង ៣-១ ៕
អត្ថបទ៖ បុត្រា

មតិយោបល់