បឹងកេត គ្រោងពង្រឹងលក្ខខណ្ឌលើការផ្ទេរ ចាន់ វឌ្ឍនាកា ខណៈលេចលឺក្លឹបនៅលីគកំពូលថៃ និង ម៉ាឡេសុី កំពុងតាមចែចូវ

នូ មករា November 28, 2017


ភ្នំពេញ៖ តាមប្រភពព័ត៌មានគួរឱ្យទុកចិត្តមួយបានឱ្យដឹងថា ក្នុងអំឡុងពេលនេះមានក្លឹបបាល់ទាត់មួយចំនួនក្នុងតំបន់អាសុីអាគ្នេយ៍កំពុងតែតាមទាក់ទងកីឡាករកម្ពុជា ចាន់ វឌ្ឍនាកា ដើម្បីចូលរួមលេងនៅក្លឹបរបស់ពួកគេ ខណៈដែលកិច្ចសន្យារបស់ខ្សែប្រយុទ្ធរូបនេះជាមួយនឹងក្លឹបជប៉ុន Fujieda MYFC នឹងត្រូវបញ្ចប់នៅខែធ្នូខាងមុខ ។ តាមប្រភពខាងលើបានបញ្ជាក់ជាជំហានដំបូងថា នៅក្នុងចំណោមក្លឹបបាល់ទាត់ទាំងពីរនេះមានក្លឹបមួយជាសមាជិកលីគកំពូលថៃដែលកំពុងចាយលុយធំលើការនាំចូលកីឡាករឆ្នើមៗ និងមួយទៀតជាក្លឹបរបស់ម៉ាឡេសុី ។

យ៉ាងណាក៏ដោយ បើតាមការអះអាងរបស់លោកបែ មករា អ្នកចាត់ការទូទៅក្លឹបបាល់ទាត់បឹងកេត បានឱ្យដឹងថា មកទល់ពេលនេះលោកមិនទាន់ទទួលបានព័ត៌មានណាមួយអំពីការតាមចែចូវរបស់ក្លឹបក្រៅស្រុកលើខ្សែប្រយុទ្ធកម្ពុជារូបនេះទេ ប៉ុន្តែជាគោលការណ៍សិទ្ធិសម្រេចគឺស្ថិតនៅលើកីឡាករខ្លួនឯងផ្ទាល់ជាអ្នកជ្រើសរើស ហើយសម្រាប់ភាគីក្លឹបគឺនឹងពិចារណាទៅតាមភាពជាក់ស្តែង យ៉ាងណាក៏ដោយ លោកបែ មករា បានបន្ថែមថា ប្រសិនបើមានសំណើរជាផ្លូវការពីក្លឹបក្រៅស្រុកមែននោះ ក្លឹបបឹងកេតគ្រោងនឹងពង្រឹងលក្ខខណ្ឌលើការផ្ទេរ ឬខ្ចីជើងកីឡាករូបនេះជៀសវាងការអវត្តមាននៅលើទីលានដូចដែលគេបានជួបប្រទះក្នុងពេលលេងនៅលីគជប៉ុននាពេលនេះ ៕

អត្ថបទ៖ បុត្រា

 

 

មតិយោបល់