លីគ៖ ស្វាយរៀង បឹងកេត ណាហ្គា និងទ័ព កក់កៅអី Play-Off ខណៈប្រកួតសល់ ១សប្ដាហ៍

នូ មករា November 27, 2017


ភ្នំពេញ៖ ការប្រកួតបាល់ទាត់ជម្រើសជើងឯកជាតិ ឬលីគកំពូលកម្ពុជា បានបញ្ចប់ការប្រកួតសន្សំពិន្ទុសប្ដាហ៍ទី២១ ហើយ ពោលគឺនៅសល់ ១សប្ដាហ៍ទៀតប៉ុណ្ណោះ នឹងបញ្ចប់ការប្រកួតសន្សំពិន្ទុទាំង ២ជើង ។ ប៉ុន្ដែលទ្ធផលបណ្ដោះអាសន្នពេលនេះ ក្រុមកំពុងឈរកំពូលតារាង ៤ក្រុម បានកក់កៅអីវគ្គ ៤ក្រុមចុងក្រោយ ឬវគ្គ Play-Off រួចទៅហើយ តែក៏ត្រូវការឈ្នះប្រកួតចុងក្រោយ ដើម្បីដណ្ដើមកៅអីកំពូលតារាងផងដែរ ។ ក្រុមបានកក់កៅអីវគ្គ Play-Off រួមមានក្រុមព្រះខ័នរាជស្វាយរៀង, បឹងកេតអែហ្វស៊ី, ណាហ្គាវើល និងក្រុមក្រសួងការពារជាតិ(ទ័ព) ដែលក្រុមខ្លាំងទាំង ៤ សុទ្ធតែបានផ្ដួលគូប្រកួតយក ៣ពិន្ទុបន្ថែមរៀងៗខ្លួន កាលពីចុងសប្ដាហ៍កន្លងទៅ ។

ចំពោះក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះវេស្ទើន ៤-២, ក្រុមទ័ព ឈ្នះអាស៊ីអឺរ៉ុប ២-១, ក្រុមបឹងកេត យកឈ្នះ Cambodian Tiger ៣-១ និងក្រុមណាហ្គាវើល បានបំបាក់ក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ឬក្រុមស៊ីម៉ាក់ ដោយលទ្ធផល ៥-១ ។ ជ័យជម្នះនេះ បានជួយឲ្យក្រុមព្រះខ័នរាជស្វាយរៀងមាន ៤៦ពិន្ទុឈរកំពូលតារាង ខណៈក្រុមបឹងកេត និងណាហ្គាវើលឈរលេខ២ និងលេខ៣ មាន ៤៥ពិន្ទុស្មើគ្នា ដែលជាពិន្ទុខ្ពស់មិនខ្វល់ពីការប្រកួតចុងក្រោយ ។

រីឯក្រសួងការពារជាតិមាន ៤២ពិន្ទុ លើក្រុមភ្នំពេញក្រោន ៣ពិន្ទុ ហើយសល់មួយប្រកួតក្នុងដៃដូចគ្នា ប៉ុន្ដែដោយសារជំនួប ២ជើងរវាងក្រុមទាំងពីរ ក្រុមក្រសួងការពារជាតិ ទទួលបានជ័យជម្នះទាំង ២ជើងនោះ គឺក្រសួងការពារជាតិ ក៏ទទួលបានកៅអីវគ្គ Play-Off ដោយស្វ័យប្រវត្តិផងដែរ ៕

ខាងក្រោមនេះ គឺជាតារាងលទ្ធផលលីគកំពូលកម្ពុជា ឆ្នាំ២០១៧ សប្ដាហ៍ទី២១៖

អត្ថបទ៖ បុត្រា

មតិយោបល់