EDC ប្ដេជ្ញាយកឈ្នះគិរីវង់ ដើម្បីធានាកៅអីលីគកំពូលកម្ពុជា ឆ្នាំ២០១៨

នូ មករា November 25, 2017


ភ្នំពេញ៖ ក្រុមបាល់ទាត់អគ្គិសនីកម្ពុជា(EDC) របស់លោក ប្រាក់ វុទ្ធី បានប្ដេជ្ញាចិត្តយ៉ាងមុតមាំថា ជំនួបជើងទី២ ជាមួយក្រុមគិរីវង់សុខសែនជ័យ នាថ្ងៃទី២៦ ខែវិច្ឆិកាស្អែកនេះ ក្រុមខ្លួនដាច់ខាតត្រូវស្វែងរក ៣ពិន្ទុឲ្យបាន ដើម្បីធានាកៅអីបន្ដលេងក្នុងលីគកំពូលកម្ពុជា នារដូវកាលថ្មី ឆ្នាំ២០១៨ខាងមុខ ។

  លោក ប្រាក់ វុទ្ធី បានលើកឡើងថា ថ្វីបើពេលនេះក្រុមលោកមាន ១៧ពិន្ទុឈរលេខ១០ លើក្រុមបាត់តារាងស៊ីម៉ាក់មាន ១១ពិន្ទុ និងក្រុមគិរីវង់សុខសែនជ័យមាន ៣ពិន្ទុពិតមែន ប៉ុន្ដែការប្រកួតសល់ ២ប្រកួតក្នុងដៃទៀត ។ ដូច្នេះដើម្បីការពារកៅអីមិនឲ្យធ្លាក់ទៅលេងលីគទី២ ជាថ្មី លោកដាច់ខាតត្រូវយក ៣ពិន្ទុពីគិរីវង់ ដែលជាក្រុមលោករំពឹងឈ្នះខ្ពស់ឲ្យបានចុងសប្ដាហ៍នេះ ។

អតីតគ្រូបង្វឹកក្រុមបឹងកេតរូបនេះ បានបន្ថែមថា ការចូលរួមលេងក្នុងលីគឆ្នាំដំបូងនេះ បំណងធំបំផុត គឺការពារមិនឲ្យធ្លាក់ទៅលេងលីគលំដាប់ទី២ ហើយបំណងមួយនេះ ក៏ជិតនឹងបានសម្រេច ១០០% ផងដែរ ។ ប៉ុន្ដែផែនការបន្ទាប់លោករំពឹងថា EDC ត្រូវស្វែងរកចំណាត់ថ្នាក់លេខ៦ ឬលេខ៧ ឲ្យបានមុនដាក់គោលដៅប្រជែងតំណែងជើងឯក នាឆ្នាំ២០១៩ ដែលគោលដៅដ៏ធំរបស់ថ្នាក់ដឹកនាំក្លឹបក្មេងខ្ចីមួយនេះ ៕

អត្ថបទ៖ បុត្រា

មតិយោបល់