ភ្នំពេញក្រោន ត្រូវការ ៣ពិន្ទុពីប៉ូលិសល្ងាចនេះ ដើម្បីបន្ដដង្ហើមដណ្ដើមកៅអី Top-4

នូ មករា November 25, 2017


ភ្នំពេញ៖ ក្រុមបាល់ទាត់ភ្នំពេញក្រោន នឹងត្រូវជួបក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ(ប៉ូលិស) នាវេលាម៉ោង ៣រសៀលនេះ នៅកីឡដ្ឋានស្ដាតចាស់ ដែលជាជំនួបជើងទី២ ក្នុងលីគកំពូលកម្ពុជា ខណៈកាលពីជើងទី១ ក្រុមទាំងពីរបានបញ្ចប់ការប្រកួតពេញម៉ោងដោយលទ្ធផលស្មើគ្នា ២-២ នៅទឹកដី RSN ។

ថ្វីត្បិតបច្ចុប្បន្នភ្នំពេញក្រោន មានឱកាសស្ដួចស្ដើងបំផុត នៅក្នុងការដណ្ដើមកៅអី ៤ក្រុមកំពូលតារាង(Top-4) ប៉ុន្ដែប្រកួតល្ងាចនេះ អតីតក្រុមជើងឯក ៦សម័យកាលមួយនេះ នៅតែត្រូវការ ៣ពិន្ទុដាច់ខាត ដើម្បីបន្ដឱកាសស្វែងរកកៅអី ឈានទៅវគ្គបន្ដ ។ ដូច្នេះចាំមើល តើលោក Sean Sainsbury អាចបង្កើតអភូតហេតុដ៏អស្ចារ្យមួយ សម្រាប់ការចូលមកប្រឡូកអាជីពក្នុងលីគកំពូលកម្ពុជាបានឬទេ?

មែនទែនទៅគ្រូបង្វឹកថ្មីសញ្ញាតអង់គ្លេសលោក Sean Sainsbury ទើបដឹកនាំភ្នំពេញក្រោន ក្នុងលីគបានមួយប្រកួតប៉ុណ្ណោះ ដោយបានលត់ក្រុមវេស្ទើនភ្នំពេញ ៣-០ កាលពីសប្ដាហ៍មុន ។ ប៉ុន្ដែបើនិយាយពីលទ្ធផលដឹកនាំក្នុងពាន Hun Sen Cup ជួបក្រុមណាហ្គាវើល ២ជើង គឺចាញ់ទាំង ២ជើង ក្នុងលទ្ធផល ៣-១ ។ បើក្រឡេកមើលក្រុមប៉ូលិស ទោះកំពុងឈរលេខ៧ តែក្រុមនេះ ក៏មិនធម្មតាដែរ ។ ដូច្នេះល្ងាចនេះ គូនេះគឺជាគូពិសេសជាងគេ ដែលអ្នកគាំទ្រមិនគួរមើលរំលងឡើយ ។

សូមបញ្ជាក់ថា គិតត្រឹមសប្ដាហ៍ទី២០ ក្រុមភ្នំពេញក្រោន កំពុងឈរលេខ៥ ហើយកាន់ ៣៦ពិន្ទុក្នុងដៃ តាមពីក្រោយក្រុមក្រសួងការពារជាតិមាន ៣៩ពិន្ទុ, ក្រុមបឹងកេត និងក្រុមណាហ្គាវើលមាន ៤២ពិន្ទុស្មើគ្នា និងក្រុមព្រះខ័នរាជស្វាយរៀងឈរកំពូលតារាងមាន ៤៣ពិន្ទុ ។ រីឯល្ងាចនេះ ក្រៅពីគូប្រកួតខាងលើ នៅមាន ២គូទៀត គឺក្រុមក្រសួងការពារជាតិ បើកទ្វាកីឡដ្ឋានស្ដាតចាស់ទទួលក្រុមអាស៊ីអឺរ៉ុបម៉ោង ៦៖៣០នាទីល្ងាច និងក្រុមព្រះខ័នរាជស្វាយរៀង បើកទ្វាកីឡដ្ឋានខេត្តទទួលក្រុមវេស្ទើនភ្នំពេញ នាវេលាម៉ោង ៦ល្ងាច ៕

អត្ថបទ៖ បុត្រា

មតិយោបល់