ពានសម្តេចហ៊ុន សែន៖ លោក សំ វ៉ាន់ដេត ប្រកាសថា លែងសូវមានសម្ពាធក្រោយទម្លាក់ក្រុមខ្លាំងការពារជាតិរួចមក!

នូ មករា November 23, 2017


ភ្នំពេញ៖ គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង លោក សំ វ៉ាន់ដេត បានលើកឡើងថា ការបញ្ចប់ដំណើរក្រុមក្រសួងការពារជាតិ ត្រឹមវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់ Hun Sen Cup រដូវកាលទី១១ កាលពីយប់មិញ បានធ្វើឲ្យក្រុមលោកលែងសូវមានសម្ពាធដូចមុនទៀតហើយ ព្រោះលោកបានចាត់ទុកក្រុមការពារតំណែងជើងឯកក្រសួងការពារជាតិ គឺជាឧបសគ្គធំជាងគេរបស់ក្រុមព្រះខ័នរាជស្វាយរៀង ក្នុងព្រឹត្តិការណ៍នេះ ។
 
លោក សំ វ៉ាន់ដេត បាននិយាយថា ក្រសួងការពារជាតិ ក៏មិនខុសពីក្រុមព្រះខ័នរាជស្វាយរៀងដែរ ពោលគឺសម្បូរដោយធនធានកីឡាករក្នុងស្រុកល្អៗច្រើនដូចគ្នា ។ ម្យ៉ាងក្រសួងការពារជាតិ គឺជាក្រុមការពារជើងឯកទៀត ដូច្នេះការយកឈ្នះ ៣-០ ក្នុងជំនួបកាត់សេចក្ដីជើងទី២ យប់មិញ ក៏មិនមែនជារឿងងាយស្រួលដែរ ។ បន្ថែមលើនេះ លោកបន្ដថា ត្បិតការប្រកួតចុងក្រោយ គឺជាវគ្គសំខាន់ ប៉ុន្ដែសម្ពាធលើក្រុមខ្លួន មិនសូវមានច្រើន ដូចជួបក្រសួងការពារជាតិនោះទេ តែយ៉ាងណាលោកក៏មិនធ្វេសប្រហែស ចំពោះក្រុមអគ្គិសនីកម្ពុជា ដែលជាគូប្រជែងក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រឡើយ ។
សូមបញ្ជាក់ថា កាលពីជើងទី១ នៃវគ្គជម្រុះពានរង្វាន់ Hun Sen Cup ក្នុងដំណាក់កាលទី៥ លើទឹកដីក្រសួងការពារជាតិ ក្រុមទាំងពីរបានបញ្ចប់ដោយលទ្ធផលស្មើគ្នា ១-១ ប៉ុន្ដែកាលពីយប់មិញ ប្រកួតជើងទី២ លើទឹកដីព្រះខ័នរាជស្វាយរៀង ក្រុមម្ចាស់ផ្ទះបានលត់ ៣-០ មិនឲ្យក្រសួងការពារជាតិតដៃរួចឡើយ ។ ជ័យជម្នះនេះ តម្រូវឲ្យព្រះខ័នរាជស្វាយរៀង ត្រូវជួបក្រុមអគ្គិសនីកម្ពុជា នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ខណៈក្រុមបឹងកេត និងក្រុមណាហ្គាវើលវិញ ក៏ត្រូវជួបគ្នាដណ្ដើមកៅអីវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខផងដែរ ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់