អត្តពលិកបញ្ញាខ្សោយចំនួន ៩នាក់ចូលរួមការប្រកួតកីឡាបាល់ទាត់អនុតំបន់មេគង្គលើកទី៧ នៅមីយ៉ាន់ម៉ា

នូ មករា November 18, 2017


ភ្នំពេញ៖ គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា​​ បានបញ្ជូនកីឡាខ្សោបញ្ញាចំនួន ៧រូបរួមជាមួយមន្ត្រីដឹកនាំមួយរូប គ្រូបង្វឹក១រូប និងអាណាព្យាបាលមួយរូបទៅចូលរួមប្រកួតកីឡាបាល់ទាត់ស្ប៉េស្យាល់អូឡាំពិកអនុតំបន់មេគង្គលើកទី៧ ទីក្រុងយ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២០ ខែវិច្ឆិកា ។​ លោកចាប រតនា ដែលជាប្រធានប្រតិភូបានឱ្យដឹងថាការប្រកួតកីឡាបាល់ទាត់ស្ប៉េស្យាល់អូឡាំពិកអនុតំបន់មេគង្គលើកទី៧ នៅប្រទេសមីយ៉ាន់ម៉ានេះ ក្រុមកម្ពុជាសង្ឃឹមថានឹងទទួលបានជោគជ័យច្រើនក្នុងការប្រកួត។ សម្រាប់ការប្រកួតនេះទទួលបានការឧត្ថម្ភពីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា និងពីក្រុមហ៊ុនសំភារៈកីឡា FBT ។

កម្មវិធីនេះមានប្រទេសចំនួន ៥ចូលរួម គឺកម្ពុជា មានចំនួន ១ ក្រុម វៀតណាមមានចំនួន ១ ក្រុម ប្រទេសឡាវមានចំនួន ១ ប្រទេសថៃ មានចំនួន ១ ក្រុម មីយ៉ាន់ម៉ាជាម្ចាស់ផ្ទះ មានចំនួន ២ ក្រុម ។ ការប្រកួតកីឡាបាល់ទាត់ស្ប៉េស្យាល់អូឡាំពិកអនុតំបន់មេគង្គត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៩ដែលមានឈ្មោះថាប្រកួតកីឡាបាល់ទាត់ស្ប៉េស្យាល់អូឡាំពិកឥណ្ឌូចិន ដោយមានប្រទេសជាស្ថាបនិកចំនួន០៥ គឺ ប្រទេសកម្ពុជា ប្រទេសឡាវ ប្រទេសមីយ៉ាន់ម៉ា ប្រទេសថៃ និងប្រទេសវៀតណាម កីឡានេះបានរៀបចំការប្រកួតលើកទី១ ក្នុងឆ្នាំ២០០៩ ដែលប្រទេសថៃជាម្ចាស់ផ្ទះរៀបចំការប្រកួត កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៤។ លើកទី២ក្នុងឆ្នាំ២០១១កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតហើយបានប្តូរឈ្មោះទៅជាបាល់ទាត់ស្ប៉េស្យាល់អូឡាំពិកអនុតំបន់មេគង្គវិញ កម្ពុជាទទួលបានមេដាយមាស។ លើកទី៣ ក្នុងឆ្នាំ២០១២ ប្រទេសមីយ៉ាន់ម៉ាជាម្ចាស់ផ្ទះរៀបចំការប្រកួត កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៥។ លើកទី៤ ក្នុងឆ្នាំ២០១៤ នៅប្រទេសវៀតណាម ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត  កម្ពុជាទទួលបានមេដាយប្រាក់។ លើកទី៥ ក្នុងឆ្នាំ២០១៥ ប្រទេសថៃទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត កម្ពុជាទទួលបានមេដាយប្រាក់ និងលើទី៦ កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតជាលើកទី២ម្តងទៀត គឺកម្ពុជាមានពីរក្រុម លទ្ធផលកម្ពុជាពូល A ទទួលបានមេដាយប្រាក់  និងកម្ពុជាពូល B ទទួលបានមេដាយប្រាក់ដែរ ៕

អត្ថបទ៖​វ៉ាន្នី

 

មតិយោបល់