ខ្លីៗជុំវិញកីឡាបាល់ទាត់មុនការប្រកួតលីកកំពូលកម្ពុជា (MCL 2015)

គឹមហុក March 3, 2015


MCL 2015

ក្រោយពីព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់សម្តេចហ៊ុនសែនបានបញ្ចប់កាលពីពេលថ្មីៗកន្លងទៅនេះ ក្លិបទាំង ១២ ក្នុងលីក​កំពូលកម្ពុជាបានកំពុងតែមមាញឹកក្នុងការរៀបចំក៏ដូចជាត្រៀមខ្លួនដើម្បីប្រជែងគ្នាដណ្តើមពានរង្វាន់មិត្តហ្វូនខេមបូឌានលីករដូវកាល ២០១៥ ដែលកាន់តែខិតចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះហើយ។

ការប្រកួតជម្រុះដណ្តើមកៅអី ២ ក្នុងលីកកំពូលរដូវកាលថ្មី

មុននឹងបើកលីករដូវកាលថ្មី ក្លិបដែលឈនៅលំដាប់លេខ ១១ និងលេខ ១២ ត្រូវធ្វើការប្រកួតជាមួយ ក្រុមជើងឯកក្នុងក្របខណ្ឌ ក១ ​និងក្រុមរងជើងឯកជាមុនសិនដើម្បីស្វែងរកក្រុមចំនួន ២​ ដែលមានសិទ្ធិចូលមកលេងក្នុងរដូវកាល ២០១៥នេះ។ ក្រុមទាំង ៤ ដែលត្រូវធ្វើការប្រកួតរួមមាន ក្រុមគីរីវង់សុខសែនជ័យ ក្រុម Albirex Niigata PP ក្រុមមកពីខេត្តព្រះសីហនុ និងក្រុមស៊ីម៉ាក់។ ប៉ុន្តែដល់ពេលចូលរួមប្រកួតយើងឃើញថាមានតែ ៣ ក្រុមប៉ុណ្ណោះដោយយើងមិនបានឃើញវត្តមានក្រុមជើងឯកក្របខណ្ឌ ក១ មកចូលរួមនោះទេ ដោយសារថាសហព័ន្ធកីឡាបាល់ទាត់កម្ពុជា​មិន​បាន​ទទួល​ពាក្យ​ចុះ​ឈ្មោះ​ចូលរួម​របស់​ក្រុមមកពីខេត្ត​ព្រះសីហនុ ដែលជា​​​ជើង​ឯក​នៅ​ក្របខណ្ឌ ​ក១ នោះ​ឡើយ។ ប្រភព​មួយចំនួនបាន​លើក​ឡើង​ថា មូល​ហេតុ​ដែលក្រុមនេះ​​​មិន​បាន​ដាក់​ពាក្យ​​ដោយ​សារតែ​​ខ្វះ​អ្នក​ឧបត្ថម្ភ និងមិន​អាច​បំពេញ​លក្ខខណ្ឌ​​មួយ​ចំនួន​ដែល​សហព័ន្ធ​បានតម្រូវឲ្យមាន​។

សូមបញ្ជាក់ថា ក្រោយពីធ្វើការប្រកួតអស់រយៈពេលប៉ុន្មានថ្ងៃរួចមកយើងបានរកឃើញក្រុម ២ ដែលនឹងត្រូវទទួលបានសិទ្ធិចូលរួមប្រកួតក្នុងលីកកំពូលរដូវកាលនេះ ពោលគឺក្រុមគីរីវង់សុខសែនជ័យ និង ក្រុម Albirex Niigata PP ដោយក្រុម​គីរី​វង់​សុខ​សែន​ជ័យ​​បាន​ក្លាយ​ជា​ក្រុម​ចុង​ក្រោយ​​ដែលបានឡើង​ទៅ​កាន់​លីក​បាល់ទាត់​​កំពូល​កម្ពុជា​​​បន្ទាប់ពីក្រុមនេះបាន​​ជួបជាមួយក្រុម​ Albirex Niigata PP ​ក្នុង​វគ្គ Play off សម្រាប់​ការ​ប្រកួត​ទី​មួយ ក្នុងលទ្ធផល ១-១ ហើយ​ប្រកួតលើក​ទី​ពីរ​​ជាមួយ​​ក្រុម​ស៊ីម៉ាក់​ទទួលបានលទ្ធផល ០-០ រួចមក។

ការដោះដូរកីឡាករមុនសមរភូមិចាប់ផ្តើម

សម្រាប់ក្លិបជើងឯកភ្នំពេញក្រោន បាននាំយកកីឡាករថ្មីបំផុត ២ រូបរួមមាន៖​ កីឡាករខ្សែបម្រើ វ៉ា សុខថន អាយុ ២៧ឆ្នាំដោយមានឪពុកម្តាយជាជនជាតិខ្មែរប៉ុន្តែកើតនៅប្រទេសបារាំងជាមួយនឹងកិច្ចសន្យា ១ឆ្នាំ និងកីឡាករ Sary Matnorotin អាយុ ១៨ឆ្នាំ (កើតនៅរាជធានីភ្នំពេញ) ក្នុងតួនាទីជាខ្សែបម្រើដែលមានកិច្ចសន្យា ១ឆ្នាំដូចគ្នា។

ដោយឡែកក្លិបចម្ការកៅស៊ូបឹងកេត ក៏បានបន្ថែមកីឡាករពីររូបផងដែរគឺអតីតអ្នកចាំទីដៃទី១ របស់ក្លិបភ្នំពេញក្រោន ស៊ូ យ៉ាទី និងខ្សែការពារ ហុង ផេង។

ខណៈដែលក្លិបណាហ្គាវើល វិញក៏បាននាំយកកីឡាករ ឃឹម បូរី និង គួច សុកុម្ភៈ ដោយសម្រេចចុះកិច្ចសន្យារយៈ ២ ឆ្នាំដើម្បីបន្ថែមសក្តានុពលក្លិបដែរនោះ។

ងាកមកមើលពីការដោះដូរគ្រូបង្វឹករបស់ក្លឹបនីមួយៗវិញម្តង

          ក្រោយពីបានបញ្ចប់រដូវកាល ២០១៤​ រួចមក ក្លិបបាល់ទាត់បឹងកេតបានផ្លាស់ប្តូរគ្រូបង្វឹកបង្គោលរបស់ខ្លួនដោយដាក់លោក John Mcglynn ដែលជាអតីតគ្រូជំនួយរបស់ក្លិបភ្នំពេញក្រោនជំនួសវិញ។ ប៉ុន្តែក្នុងរយៈពេលប្រហែលជា ៣ ​ទៅ ៤ ខែប៉ុណ្ណោះក្លិប​បាល់ទាត់​ជួរ​មុខ​ក្នុង​លីក​កំពូល​កម្ពុជាដែលទើបតែប្តូរឈ្មោះថ្មីទៅជា បឹងកេតអង្គរនោះបាន​សម្រេច​ផ្ដាច់​កិច្ចសន្យា​ជាមួយ​លោក​គ្រូ​បង្វឹក​ជនជាតិ​អូស្ត្រាលីរូបនេះវិញ​បន្ទាប់​ពី​ក្លិបបាន​ធ្លាក់​ចេញពីតារាងដណ្តើម​​ពាន Hun Sen Cup ក្នុងវគ្គ ​១/៤ មក។ បើតាមពត៌មានរបស់ក្លិបបានឲ្យដឹងថាឥលូវនេះ ក្លិបបឹងកេតអង្គរបានតែងតាំងលោកគ្រូ ប្រាក់ សុវណ្ណារ៉ា (ដែលទើបតែផ្លាស់ចេញពីក្លិបណាហ្គាទៅគីរីវង់រួចទើបប្តូរមកក្លិបបឹងកេតអង្គរ) ធ្វើជាគ្រូបង្គោលរបស់ខ្លួនជាផ្លូវការហើយ។

រីឯសម្រាប់ក្លិបជើងឯកភ្នំពេញក្រោនវិញ​ក្រោយពីគ្រូជំនួយ John Mcglynn បានចេញតំណែងមកក្លិបមួយនេះបានតែងតាំងលោក Jonny Carter ដែលមានអាយុ ៣៩ ឆ្នាំ និងមានបទពិសោធន៍ជាគ្រូបង្វឹករយៈពេល ១៥ ឆ្នាំនៅឯប្រទេសអង់គ្លេស សហរដ្ឋអាម៉េរិគ សិង្ហបុរី និងទីក្រុងហុងកុង ព្រមទាំងកាន់អាជ្ញាប័ណ្ណគ្រូបង្វឹកកម្រិត A ធ្វើជាគ្រូជំនួយរបស់លោកគ្រូ Sam។​ ខណៈដែលគ្រូបង្វឹកឈុតធំរបស់ភ្នំពេញក្រោន លោក Sam Schweingruber ដែលបានចូលរួមបង្វឹកក្រុមតាំងពីឆ្នាំ ២០១២ មកក៏បានបន្តកិច្ចសន្យាដឹកនាំក្លិបរយៈពេល ២ឆ្នាំបន្តទៀតផងដែរ។ ជាមួយគ្នានេះដែរ ភ្នំពេញក្រោនក៏បានតែងតាំងលោក Tom Legg អាយុ ២៧ឆ្នាំ ដែលធ្លាប់ជាគ្រូបង្វឹកនៅសហរដ្ឋអាម៉េរិគ ឥណ្ឌា និងអង់គ្លេស និងទើបតែទទួលបានក្របខណ្ឌ UEFA អាជ្ញាប័ណ្ណកម្រិត Bជានាយកបច្ចេកទេសថ្មីដើម្បីពង្រឹងថ្នាលយុវជនថែមទៀតផង។

ចំណែកឯក្លិបណាហ្គាវើលដែលទើបតែប្តូរឈ្មោះដែរនោះ ក្រោយពីលោក ប្រាក់ សុវណ្ណារ៉ា បានលាលែងពីតំណែងរួចមកក្លិបបានតែងតាំងលោក មាស ចាន់ណា ជាគ្រូបង្វឹកបង្គោលវិញ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺក្នុងអាណត្តិរបស់គាត់ក្លិបណាហ្គាវើលបានក្លាយជាជើងឯករងក្នុងការប្រកួតពានង្វាន់សម្តេចហ៊ុន សែនក្នុងឆ្នាំ ២០១៥ នេះតែម្តង។

ដូច្នេះហើយសូមប្រិយមិត្តរង់ចាំតាមដានបន្តទៀតថា តើនឹងមានព្រឹត្តិការណ៍អ្វីទៀតកើតមានឡើងចំពោះកីឡាករក៏ដូចជាក្លិបនីមួយៗខណៈដែលអ្នកស្នេហាកីឡាបាល់ទាត់កម្ពុជាជាច្រើនបានរំពឹងទុកថាភាពអស្ចារ្យពោរពេញដោយក្តីរំភើបជក់ចិត្តនឹងកើតមានឡើងនៅលើវាលស្មៅក្នុងការប្រកួតដ៏ក្តៅគគុកនៃរដូវកាលនេះជាក់ជាមិនខានឡើយ៕

 

អត្ថបទ៖ រិទ្ធី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត